ប្រទេសថៃ ៖ យោងតាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានចាប់ផ្តើមប្រមូលគំរូសំណាកពីសត្វប្រចៀវនៅខេត្តចន្ទបុរី ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ចំពេលមានការព្រួយ បារម្ភថា ពួកវាអាចបង្កការគំរាមកំហែងដល់អ្នកស្រុក។
ក្រុមអ្នកស្រាវជ្រាវមានគម្រោងប្រមូលប្រចៀវចំនួន ៣០០ក្បាល ក្នុងរយៈពេល៣ថ្ងៃ ពីរូងភ្នំមួយនៅខេត្តភាគខាងកើត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។ ប្រទេសថៃ មានសត្វប្រចៀវចំនួន ២៣ប្រភេទ ប៉ុន្តែពុំមានការធ្វើតេស្តពីមុនទេ។ ប្រភពនៃវីរុសនេះ គឺជាបញ្ហានៃការជជែកវែកញែកយ៉ាងក្តៅគគុក ចាប់តាំងពីវាបានលេចចេញនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន។
អង្គការសុខភាពពិភពលោក (WHO) កាលពីខែមេសាបាននិយាយថា រាល់ភស្តុតាងដែលអាចរកបានបង្ហាញថា វាមានដើមកំណើតពីសត្វប្រចៀវ នៅក្នុងប្រទេសចិន ប៉ុន្តែវាមិនទាន់ច្បាស់ទេថា តើវីរុសនេះឆ្លងតាមរបៀបណាពីប្រចៀវមកមនុស្ស? ក្រុមស្រាវជ្រាវនៅក្នុងប្រទេសថៃ រួមមានលោកស្រី Supaporn Watcharaprueksadee ដែលបានរកឃើញករណីកូវីដ១៩ ដំបូងនៅក្នុងប្រទេសថៃ កាលពីខែមករា។ លោកស្រី Supaporn ដែលជាអនុប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺឆ្លងនៅសាកលវិទ្យាល័យ ជូឡាឡុងកន បាននិយាយថា៖ «ហេតុផលដែលយើងត្រូវធ្វើតេស្តលើសត្វប្រចៀវនេះ គឺដោយសារតែមានរបាយការណ៍ពីប្រទេសចិនថា វីរុសបង្កកូវីដ១៩ គឺស្រដៀងនឹងវីរុសដែលត្រូវបានរកឃើញនៅក្នុងសត្វប្រចៀវពូជក្រចកសេះដែរ»។
ក្រុមអ្នកស្រាវជ្រាវមកពីនាយកដ្ឋានឧទ្យានជាតិមន្ទីរពេទ្យជូឡាឡុងកន និង សាកលវិទ្យាល័យកាស៊ីតសាត បានចូលទៅក្នុងតំបន់ Tham Sado ក្នុងស្រុក Pong Nam Ron នៃ ខេត្តចន្ទបុរី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយបានចេញមកវិញនៅព្រឹកព្រលឹមថ្ងៃសុក្រ ដោយមានគំរូសំណាកឈាម ទឹកមាត់ និង លាមក របស់សត្វប្រចៀវ។ ក្រុមអ្នកស៊ើបអង្កេតមានការព្រួយបារម្ភថា ប្រជាជននៅតំបន់នោះអាចប្រឈមនឹងការឆ្លងមេរោគ។ លោកស្រី Supaporn បាននិយាយថា ប្រជាជនក្នុងតំបន់ត្រូវបានគេដឹងថា ចូលចិត្តបរិភោគសត្វប្រចៀវ។ លោកស្រីបានបន្ថែមថា កម្មវិធីអប់រំនិងព័ត៌មានស្តីពីបញ្ហានេះ គឺពិតជាចាំបាច់មែនទែន៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost


