តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការអំពាវនាវ ក៏ដូចជាក្រើនរំលឹកទៅដល់បងប្អូន ប្រជាពលរដ្ឋ សូមកុំភ្លេចគោរពច្បាប់ចរាចរណ៍ និងទៅណាមកណា ត្រូវពាក់មួកសុវត្ថិភាពជានិច្ចរាល់ពេលបើកបរ បន្ទាប់ពីបងប្អូនចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩នេះនៅតាមសហគមន៍របស់យើង ។  

ថ្លែងនៅក្នុងពិធីចែកជាអំណោយនៅក្នុងយុទ្ធនាការចុះចែកសម្ភារៈប្រើប្រាស់នឹងស្បៀង ដល់ពលរដ្ឋខ្វះខាតជុំ ទី២ ចំនួន១២០គ្រួសារ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា ចំនួនអ្នកព្យាបាលជាសះស្បើយ និងអ្នកកំពុងបន្តព្យាបាលជម្ងឺកូវីត១៩នៅក្នុងប្រទេសកម្ពុជារបស់យើងទាំង១២៥នាក់ ពុំមានស្លាប់១ករណី នៅឡើយទេ តែបើយើងក្រឡែកទៅមើលបញ្ហាគ្រោះថ្នាក់ចរាចរណ៍វិញ គឺស្លាប់សឹងតែរៀងរាល់ថ្ងៃ ហើយវានៅតែជាបញ្ហារួមមួយ ដែលទាមទារឲ្យយើងទាំងអស់គ្នា ចូលរួមអនុវត្តនឹងគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ ដូចជារួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩អញ្ចឹងដែរ ។
ឯកឧត្តម អភិបាលខេត្តតាកែវ បន្តទៀតថា យើងដឹងហើយថា ដើម្បីចូលរួមចំណែកក្នុងការអនុវត្ត ច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធិភាព រាជរដ្ឋាភិបាលបានរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ក្នុងគោលបំណងដើម្បីការពារអាយុជីវិតអ្នកប្រើប្រាស់ផ្លូវ និងទ្រព្បសម្បត្តិទាំងរដ្ឋនិងឯកជន ពិសេសធានាបាននូវ អាត្រាគ្រោះថ្នាក់ចរាចរណ៍នេះឲ្យនៅកម្រិតទាប ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ក្នុងការគោរពច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងផ្តើមចេញពីម្នាក់ៗទៅ ។  ឯកឧត្តម អ៊ូច ភា បញ្ជាក់ទៀតថា ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ កុំឲ្យមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ក៏ដូចជាយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសបន្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានភ្ជាប់ភ្ជួន ដើម្បីឲ្យសហគមន៍របស់យើងមិនមែនគ្រោះថ្នាក់ចរាចរណ៍ និងមិនមែនការឆ្លងរាលដាលជម្ងឺកូវីត១៩ ។  

សូមបញ្ជាក់ដែរថា អំណោយដែលទទួលបានពីសប្បុរសជននានា ប្រគល់ជូនគ្រួសារខ្វះខាតទាំង ៨០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម អំបិល១គីឡូ ប៊ីចេង១គីឡូ ទឹកត្រី១យួរ មី២៥កញ្ចប់ អាលកុល១ដប សាប៊ូ ២ដុំ និងក្រម៉ា ១ ផងដែរ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយបានមួយរយះពេលផងដែរ៕