តាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក ណុប នី ប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានចុះត្រួតពិនិត្យមើលការស្ថាបនាកែលម្អរឡើងវិញនូវខឿនព្រះវិស្ណុ ផ្លូវបំបែកតោពីរ ស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំទៅដល់លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នឹងលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវសហការគ្នាក្នុងការរៀបចំកែលម្អរក្បូរក្បាត់ និងលាបពណ៌ឡើងវិញឲ្យសមនឹងរូបសំណាក់ព្រះវិស្ណុ ដែលជានិមិត្តរូបរបស់ខេត្តតាកែវរបស់យើង និងជួសជុលរូបសំណាក់តោពីរដែលបច្ចុប្បន្នមានសភាពចាស់ និងបែកបាក់កន្លែងខ្លះមួយចំនួន ពិសេសគឺស្រាវជ្រាវរកប្រវិត្តរបស់ព្រះវិស្ណុ ដើម្បីបានដឹងអំពីប្រវត្តិរបស់ព្រះអង្គ ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានផ្តាំផ្ញើទៅដល់ក្រុមជាងជួសជុល ត្រូវធ្វើឲ្យបានលឿន និងសមស្រមតាមលក្ខណៈបច្ចេកទេស ព្រោះរូបសំណាក់ព្រះវិស្ណុ និងរូបសំណាក់តោពីរនេះ វាគឺជាចំណុចផ្លូវចូលមកទីរួមខេត្តតាកែវរបស់យើង ព្រមទាំងបង្ហាញ ពីសោភ័ណ្ឌភាពផងដែរ ដូច្នោះសូមយកចិត្តទុកដាក់ជួសជុលឲ្យបានល្អ៕