តាកែវ៖ សមត្ថកិច្ចមន្ទីរប្រឆាំងការជួញដូរនិងចែកចាយគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួ នាយកការិយាល័យនៃកងរាជអាវុធហត្ថខេត្តតាកែវ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនចំនួនជាង២គីឡូក្រាមនៅហ្នឹងកន្លែង រួមនឹងបក្សពួកស្រីម្នាក់ទៀត ។ ការឃាត់ខ្លួនជនសង្ស័យនេះផងដែរ ធ្វើឡើងនៅត្រង់ចំណុចច្រមុះជ្រូកស្ទឹមមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ច នៃក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួននេះ មានឈ្មោះ ឈុន សុមេធា មុខរបរជានាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ ឈ្មោះ កេន ចាន់រី ភេទស្រី រស់នៅភូមិគោកដូង ឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ ។
បន្ទាប់ពីសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានធ្វើការចាប់ឃាត់ខ្លួនជាប់ជាមួយវត្ថុតាងគ្រឿងញៀន ២គីឡូក្រាមជាង សមត្ថកិច្ចក៏សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការសំរបសំរួលនីតិវិធី ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានពន្លាតដែនសមត្ចកិច្ចឈានទៅចុះឆែកឆេរក្នុងលំនៅដ្ឋានរបស់ជនសង្ស័យចំនួនពីរទីតាំង៖ ទី១- នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ ដកហូតវត្ថុតាងបាន អាវុធខ្លីចំនួន០២ដើម(ប្រើហ្គាស់)និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន(កញ្ឆា)ក្រៀមចំនួន០២ស្បោង។
ទី២- នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ  ដកហូតវត្ថុតាងបាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាងត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕