ឧត្តរមានជ័យ៖ បន្ទាប់ពីបានបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធយោធាដូចគ្នា កាលពីវេលាម៉ោង ១៖៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នឹងបានរត់ស្ពាយជាមួយកាំភ្លើង និងគ្រាប់ ១២០គ្រាប់នោះ បានស្លាប់ហើយ បន្ទាប់ពីបានបាញ់តដៃ ជាមួយសមត្ថកិច្ចពេលចុះបង្ក្រាប នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ស្នងការនគរបាលខេត្តឧត្តរមានជ័យ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១២ ខែឧសភានេះថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបញ្ជាក់ថា មន្រ្តីយោធាដែលបានបាញ់សម្លាប់ ប្រពន្ធខ្លួនឯង និងប្រពន្ធមន្រ្តីយោធា ដូចគ្នានោះត្រូវបានស្លាប់ នៅអំឡុងពេលសមត្ថកិច្ចចុះបង្រ្កាប គឺជនបង្កបានបាញ់តដៃ ជាមួយសមត្ថកិច្ច ដោយសារស្ថានភាពបែបនេះ សមត្ថកិច្ចបានសម្រេចបាញ់ការពារខ្លួនវិញ ហើយលទ្ធផលយោធានោះបានស្លាប់ នៅនឹងកន្លែងតែម្ដង។
សូមបញ្ជាក់ថា មន្ត្រីយោធាម្នាក់ឈ្មោះ សឿន កាន់ អាយុ ៥៥ឆ្នាំ ឋានៈនាយចំណង់ អត្តលេខ ០៧០៤៦២ បម្រើការនៅអង្គភាព វរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ បានបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងបាញ់ប្រពន្ធជាមន្ត្រីយោធាម្នាក់ទៀត មុនរត់គេចខ្លួន ដោយមាននាំកាំភ្លើងអាកាទៅជាប់ជាមួយទៀតផង។
មន្ត្រីយោធារូបនេះ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និងប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀត ឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ។ ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួនដោយបានលួចយកអាវុធ AK47 ចំនួន ១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួន ១២០គ្រាប់៕




