តាកែវ៖ សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ដឹកនាំដោយលោកក ទូច ប៊ុនសឿម អនុប្រធានសមាគម បាននាំយកថវិកាប្រមាណជាង៥០លាន ដែលជាថវិកាបានមកពីការ ចូលរួមរបស់សមាជិក ទៅប្រគល់ជូនគ្រួសារសពរបស់លោក ម៉ី ម៉ឺន នៅឯគេហដ្ឋានសព ដែលស្ថិតនៅភូមិរលៀក ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ កាលពីរសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ ។
នៅក្នុងឪកាសនាំយកថវិកាទៅប្រគល់ជូនគ្រួសារសពលោក ម៉ី ម៉ឺន លោក ទូច ប៊ុនសឿម អនុប្រធានសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា បានថ្លែងដោយសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខដល់គ្រួសារសព ដែលបានបាត់បង់ប្តី ឪពុក ជីតាជាទីស្រឡាញ់ ហើយក៏សូមឲ្យគ្រួសារនៃសពត្រូវកាត់ចិត្តនឹងខិតខំប្រឹងប្រែងរកស៊ី រឹងមាំទៅថ្ងៃខាងមុខទៀត ព្រោះមនុស្សស្លាប់បាត់ទៅហើយ ។
លោក ទូច ប៊ុនសឿម បន្ថែមទៀតថា ដោយឡែកសមាគម មូលនិធិទ្រទ្រង់សហគមន៍កម្ពុជា គឺផែនការកចំនួន៣ គឺកើត ការ និងកប់គឺទទួលមរណៈភាព ហើយសម្រាប់សមាជិក និងគណៈកម្មការ របស់សមាគម មូលនិធិទ្រទ្រង់សហគមន៍កម្ពុជាណាម្នាក់ ដែលទទួលមរណភាព គឺតម្រូវឲ្យ សមាជិក និងគណៈកម្មការទូទាំងប្រទេស គឺបង់ម្នាក់១ពាន់សម្រាប់សមាជិក និងម្នាក់១ម៉ឺនរៀល សម្រាប់គណៈកម្មការ ។
លោក ទូច ប៊ុនសឿម បន្ថែមទៀតថា ថវិកាដែលបានមកពីការចូលរួមបង់ដោយសមាជិក និងគណៈកម្មការទូទាំងប្រទេសនាពេលនេះ គឺយើងប្រគល់ជូនគ្រួសារនៃសព ជំហានដំបូងគឺ១៥លានរៀលសិន នៅសល់ប៉ុន្មានយើងនឹងធ្វើគណនីធនាគារជូនដល់ ទាយាតនៃសពនៅធនាគារប្រៃណីស៍ ដើម្បីរក្សាសុវត្ថិភាពប្រាក់ជូនពួកគាត់ ។
បើតាម លោក ទូច ប៊ុនសឿម សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ត្រូវបានបង្កើតឡើងស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងចុះបញ្ជីការត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយសព្វថ្ងៃនេះ សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា មានសមាជិកទូទាំងប្រទេសចំនួន៣៤,៦៥០នាក់ និងមានគណៈកម្មការចំនួន ៣១៦៥នាក់ ហើយទិសដៅសម្រាប់ឆ្នាំ២០២១ សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា នឹងពង្រីកសមាជិក និងគណៈកម្មការ ឲ្យបានច្រើនជាងនេះ ហើយថវិកាសម្រាប់ សមាជិកដែលស្លាប់ ទទួលបានថវិកា២ម៉ឺនដុល្លារ និងគណៈកម្មការទទួលបាន៦ម៉ឺនដុល្លារ ៕






