កំពង់ឆ្នាំង៖ បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ មានមនុស្សសរុប ២០នាក់ ត្រូវបានកំលាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបាន ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួនធំ បាននៅក្រុងកំពង់ឆ្នាំង។
ក្នុងរបាយការណ៍បានបន្តថា កិច្ចសហប្រតិបត្តិការ បង្ក្រាបការជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅក្នុងក្រុងកំពង់ឆ្នាំង ក្នុងរយៈពេលពីរថ្ងៃ ដោយចាប់តាំងពី ថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានរឹបអូសយក វត្ថុតាង ដែលមានម៉ូតូ ១៣គ្រឿង និងមនុស្សចំនួន ២០ នាក់, និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន រួមទាំងគ្រឿងញៀនមួយចំនួនទៀតផង។
មហាជននៅក្នុងក្រុងកំពង់ឆ្នាំង បានសាទរ ចំពោះលោកអ៉ិត.សុធា ព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកស្នងការ នគរបាលខេត្តកំពង់ឆ្នាំង បានសហការ ដឹកនាំបង្ក្រាប គ្រឿងញៀន រួមទាំងបទល្មើសមួយចំនួនទៀត នៅក្នុងខេត្តកំពង់ឆ្នាំង ឲ្យមានការថយចុះ គួរឲ្យកត់សម្គាល់ នឹងបន្តគាំទ្រ ចំណាត់ការ របស់លោករាជអាជ្ញា ដើម្បី អនុវត្ត នូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច របស់រាជរដ្ឋាភិបាល។
លោក អ៊ិត សុធា ព្រះរាជអាជ្ញា បានថ្លែងការកោតសរសើរ ចំពោះលោកស្នងការ នគរបាលខេត្តកំពង់ឆ្នាំង និងលោកស្នងការរងទទួលបន្ទុក ប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រប់ស្ថាប័ន ពាក់ព័ន្ធដែលបាន សហការ បង្រ្កាបបទល្មើស គ្រឿងញៀន បានល្អប្រសើរ និងសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ សិស្សានុសិស្ស រួមទាំងក្រុមយុវជនទាំងឡាយ ឲ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន ជាអាវុធ បំផ្លាញអនាគត បំផ្លាញប្រទេសជាតិ៕


