ភ្នំពេញ៖ សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ព្រះតេជគុណ ឡុង ចន្ថា ទៀតនោះឡើយ ហើយត្រូវសហការជាមួយអាជ្ញាធរចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យាដែលលោកបានធ្វើ។
នៅក្នុងលិខិត សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនមកព្រះមេគណទាំង២៥ រាជធានី-ខេត្ត តាមរយៈលិខិតមួយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះថា «សូមព្រះមេគណទូទាំងប្រទេសកុំផ្តល់អាវាសដល់បុគ្គលរូបនេះ អោយស្នាក់បន្តក្នុងសាសនានេះតទៅទៀត ។ ផ្ទុយទៅវិញ បើឃើញបុគ្គលរូបនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការអោយលាចាកសិក្ខាបទតាមកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ»។

សូមបញ្ជាក់ថា ព្រះតេជគុណ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបុរី ក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ធ្លាប់បានសន្យានៅជំពោះព្រះភក្ត្រមន្ត្រីសង្ឃក្នុងខេត្តតាកែវ ថានឹងលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ បន្ទាប់ពីបែកធ្លាយសារសំឡេងឆ្លើយឆ្លងជាមួយនារីភេទក្នុងទំនាក់ទំនងស្នេហា។

តែថ្ងៃទី១៤ ខែឧសភា ដែលជាថ្ងៃសន្យានោះ ព្រះតេជគុណ ឡុង ចន្ថា បែរជាបង្ហោះសារថា ព្រះអង្គមិនទាន់អស់និស្ស័យជាមួយព្រះពុទ្ធសាសនា ហើយក៏មិនបានលាចាកសិក្ខាបទនោះដែរ។ មិនត្រឹមតែមិនបានលាចាកសិក្ខាបទនោះទេ ព្រះអង្គក៏បាននិមន្តចេញពីវត្ត ហើយគេចព្រះកាយបាត់មកដល់បច្ចុប្បន្ន៕