ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពី លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ ពិតជាមានករណីចាប់ខ្លួន លោក សុវណ្ណ រិទ្ធី ចាងហ្វាងការផ្សាយ TVFB ពិតប្រាកដមែន កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ពី បទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រ ៤៩៥ ពាក់ព័ន្ធនឹងការសរសេរលើហ្វេសប៊ុកដោយស្រង់ពាក្យសម្តីសម្ដេច ហ៊ុន សែន ដែលបាននិយាយថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបន្តថា សំណេររបស់លោក សុវណ្ណ រិទ្ធី នេះ ជាការបំប៉ោង និងបំពុលសង្គម ដែលធ្វើឱ្យពលរដ្ឋយល់ច្រឡំលើសម្ដេច ហ៊ុន សែន។ លោក គឹមឃឿន ចាត់ទុកសំណេររបស់ចាងហ្វាង TVFB រូបនេះ ជាចេតនាបង្កើតឱ្យមានចលាចលក្នុងសង្គម។ «សម្ដេច ហ៊ុន សែន គាត់បានចេញវិធានការដោះស្រាយបញ្ហាពលរដ្ឋដែលជួប្រឈមនឹងជំងឺ កូវីដ១៩ ហើយ ហើយគ្រាន់តែសម្ដេចនិយាយលេងមួយម៉ាត់ ពីរម៉ាត់សោះ បែរជាយកមកចុះផ្សាយ។ សម្ដេចគាត់គ្មានចេតនាដូចការចុះផ្សាយឯណា ព្រោះគាត់បានចេញវិធានការច្រើនមកហើយ»។
បន្ទាប់ពីមានករណីចាប់ខ្លួននេះ សមាជិកគ្រួសារលោក សុវណ្ណ រិទ្ធី បានស្នើឱ្យថ្នាក់ដឹកនាំនិងសមត្ថកិច្ច យោគយល់និងអាធ្យាស្រ័យចំពោះលោក រិទ្ធី ។ «ទាក់ទងនឹងការសរសេរខុសឆ្គងនេះ គាត់គ្មានចេតនាទេ គាត់ក៏អត់ចង់សរសេរប៉ះពាល់ថ្នាក់ដឹកនាំទេ»។
សមត្ថកិច្ចបានបញ្ជូនលោក សុវណ្ណ រិទ្ធី ចាងហ្វាង TVFB មកស្នងការនគរបាលរាជធានីភ្នំពេញ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមឃឿន បាននិយាយថា បើសិនជាសមត្ថកិច្ចពិនិត្យឃើញថា ជាករណីធ្ងន់ធ្ងរនោះ សមត្ថកិច្ចនឹងធ្វើបែបបទកសាងសំណុំលោក សុវណ្ណ រិទ្ធី បញ្ជូនទៅតុលាការ ។ ប៉ុន្តែបើសិនជាករណីអចេតនានោះ សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ និងណែនាំប៉ុណ្ណោះ៕
ប្រភព៖ ថ្មីៗ




