បរទេស៖ ប្រទេសវៀតណាមជាថ្មីម្តងទៀត បានរឹតបន្តិច ក៏ដូចជាចេញវិធានការរឹតត្បិតដោយហាមប្រជាជនរបស់ខ្លួនកុំឲ្យចាកចេញពីផ្ទះ ពិសេសគឺហាមឃាត់មិនឲ្យមានការជួបជុំមនុស្ស ចាប់ពី២នាក់ឡើងទៅនៅតាមទីសាធារណៈ ។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phcu បានចេញបទបញ្ជានេះនឹងត្រូវអនុវត្តន៍នៅទូទាំងប្រទេសរយៈពេល ១៥ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី១ ខែមេសា នេះតទៅ ដើម្បីកម្រិតនឹងប្រឆាំង ការរីករាលដាលជំងឺ COVID-19 ។ បទបញ្ជាដ៏ម៉ឹងម៉ាត់នេះ គឺតម្រូវ គ្រួសារនីមួយៗ នៅដាច់ឆ្ងាយ ពីគ្រួសារផ្សេងទៀត, ពីភូមិមួយ ទៅភូមិមួួយផ្សេងទៀត , ពីឃុំមួយ ទៅឃុំមួយផ្សេងទៀត, ខេត្តមួយ ទៅខេត្តផ្សេងទៀត ។ មានតែរោងចក្រ ក្រុមហ៊ុនអាជីវកម្ម និងគ្រឹះស្ថានសេវាកម្មដែលផលិត និងផ្តល់ទំនិញ និងសេវាកម្មចាំបាច់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបើក នឹងស្នើសុំដើម្បីធានាថា កម្មករនិយោជិតធ្វើតាមគោលការណ៍សុខភាពតឹងរឹង។ នេះរួមបញ្ចូលទាំងការធានាថា ពួកគេពាក់របាំងមុខ រក្សាចម្ងាយសុវត្ថិភាពពីគ្នាទៅវិញទៅមក ហើយត្រូវប្រាកដថា តំបន់នោះត្រូវបានប្រើប្រាស់ថ្នាំសម្លាប់មេរោគបានត្រឹមត្រូវ។ មនុស្សទាំងអស់ត្រូវបានគេបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ ហើយចេញទៅក្រៅតែក្នុងករណីបន្ទាន់សម្រាប់ការទិញអាហារ ឬថ្នាំ ឬទៅធ្វើការនៅតាមរោងចក្រ និងសេវាកម្មចាំបាច់ដែលមិនត្រូវបានបិទ ឬបញ្ឈប់ប្រតិបត្តិការតែប៉ុណ្ណោះ។ ក្នុងករណីចាកចេញពីផ្ទះ មនុស្សទាំងនោះត្រូវរក្សាចម្ងាយអប្បបរមា ២ម៉ែត្រពីអ្នកដទៃ។ ការប្រមូលផ្តុំមនុស្សលើសពី២នាក់នៅទីសាធារណៈ ក្រៅការិយាល័យ សាលារៀន និងមន្ទីរពេទ្យ ត្រូវហាមឃាត់។
នាយករដ្ឋមន្រ្តីវៀតណាមបានស្នើឱ្យពលរដ្ឋទាំងអស់គោរព និងអនុវត្តន៍តាមវិធានការបង្ការនេះឱ្យបានតឹងរឹង ដោយត្រូវប្រកាសអំពីសុខភាពរបស់ពួកគេ ការពារក្រុមគ្រួសាររបស់ពួកគេ និងសហការជាមួយអាជ្ញាធរដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ៕
ប្រភព៖ ក្រសួងព័ត៌មាន