តាកែវ៖ បើទោះបីជាកំលាំងសមត្ថកិច្ចព្យាយាមសហការគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចុះបង្រ្កាបដំណាំកញ្ឆាជារើយៗ យ៉ាងណាក្ដីក៏ក្រុមឈ្មួញខិលខូចដែលបានជួលពលរដ្ឋដាំដុះ នៅលើជួរភ្នំបាយ៉ងកោរ ដើម្បីយកទៅលក់នៅវៀតណាម និងដឹកជញ្ជូនមកលក់នៅភ្នំពេញផងនោះ ក៏សមត្ថកិច្ចមិនដែលឃាត់ខ្លួនវែកមុខមេឈ្មួញនៅពីក្រោយបានឡើយ និងនៅតែបន្តដាំដុះបានដោយសេរី កាប់ហើយដាំវិញ កាប់ខាងលើដាំខាងក្រោម ហាក់ដឹងមុនពេលចុះបង្រ្កាបម្ដងៗ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្នុងរយះពេល ៣ខែដើមឆ្នាំ២០២០នេះ កំលាំងនគរបាល និងកំលាំងកងរាជអាវុធហត្ថផងនោះតែងតែចុះធ្វើការចុះកាប់ដុតបំផ្លាញចោលដាំណាំកញ្ឆារាប់សិបម៉ឺនដើម និងធ្លាប់ឃាត់ខ្លួនអ្នកចាំសួនកញ្ឆាផងនោះ ក៏នៅតែមិនអាចវែកមុខអ្នកនៅពីក្រោយសួនកញ្ឆាបានដដែល។ ជាក់ស្ដែងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ឈៀង សុន ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញ និងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តសរុបចំនួន២០នាក់ ដើម្បីឡើងស្វែងរកទីតាំងដែលជនខិលខូចលួចដាំដំណាំកញ្ឆាខុសច្បាប់ នៅលើកំពូលភ្នំខាងជើងដុបមហាឥសី ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

ជាលទ្ធផលបង្ក្រាបបានរួមមានការកាប់កម្ទេចដុតបំផ្លាញកញ្ឆាចំនួន ៥ទីតាំងលើផ្ទៃដីដាំដុះសរុប១៩៧៥ ម៉ែត្រការ៉េ បំផ្លាញអាងស្តុបទឹកចំនួន០៧។

ហើយបច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងខាងលើដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ព្រមទាំងបានផ្សព្វផ្សាយអប់រំដល់លោក មេភូមិ មេឃុំ ឲ្យបានជ្រាប និងជួយពន្យល់បន្ថែមឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនកុំឲ្យបន្តដាំដំណាំកញ្ឆានេះតទៅទៀតពីព្រោះជាដំណាំខុសច្បាប់ផងដែរ។

ជុំករណីដំណាំកញ្ឆានៅជួរភ្នំបាយ៉ងកោរនេះដែរ ពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស បានសម្ដែងការងឿយឆ្ងល់ថា ហេតុអ្វីឃើញតែសមត្ថកិច្ចចុះបង្រ្កាប តែដើមកញ្ឆាប៉ុណ្ណោះ ប៉ុន្តែមិនដែលចាប់បានមនុស្សម្ដងណាឡើយ ដល់ប្រតិបត្តិការខ្លះចាប់បានមនុស្សហើយដោះលេងវិញ គឺមានសមត្ថកិច្ចជាអ្នករត់ការដោះលែងទៀតផង? ដូច្នេះតើការចុះបង្រ្កាបរាល់ដងគឺគ្រាន់តែជាការសម្ដែងថតបង្ហោះយកស្នាដៃ ឬដើម្បីសរសេររបាយកាឬណ៍ភូតកហុកថ្នាក់លើប៉ុណ្ណោះ។ ពលរដ្ឋនៅតែបន្តសំណូមពរដល់ សម្ដេចតេជោ ហ៊ុន សែន មេត្តាពិនិត្យ និងជួយមានចំណាត់ការចំពោះក្រុមឈ្មួញដែលលួចដាំដុះកញ្ឆា នៅជួរភ្នំប្រវត្តិសាស្រ្តបែបនេះបន្តទៀតទេ៕