តាកែវ៖ មន្រ្តីសាខាកាំកុងត្រូលខេត្តតាកែវ សហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃ ពុធ ទី ១ ខែ មេសា ឆ្នាំ២០២០នេះ បានចុះអប់រំដល់ម្ចាស់ឱសថស្ថាន គី្លនិកឯកជន ដែលមានការដាក់លក់អាល់កុល ម៉ាស គឺត្រូវ លក់របស់សុទ្ធ មិនក្លែងបន្លំ និងមិនត្រូវតម្លើងតម្លៃឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ខណៈពេលបច្ចុប្បន្ននេះ ម៉ាស់នឹងអាកុលកំពុងតែមានតម្រូវការខ្ពស់ទៅលើទីផ្សារ នៅពេលដែលកម្ពុជាកំពុងផ្ទុះជំងឺកូវីដ១៩ ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ប្រតិបត្តិ ការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការណែនាំឲ្យម្ចាស់ទីតាំងឱសថស្ថាន ឬហ្វាម៉ាស៊ីទាំងអស់ត្រូវ ចូលរួម សហការជាមួយមន្ត្រីជំនាញ តាមរយៈការលក់នៅផលិតផលដែលមានគុណភាព និងមានយីហោច្បាស់លាស់ ជាមួយនិងការរក្សាតម្លៃអោយបានសមរម្យ ដើម្បីជាការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ នូវវីរ៉ុសកូវីដ១៩ COVID-19 ដែលកំពុងរីករាលដាលនៅកម្ពុជា និងចូលរួមអនុវត្តតាមអនុសាសន៍ សម្តេច តេជោ ហ៊ុន សែន តម្រូវអោយឱសថស្ថានលក់ក្នុងតំលៃសមរម្យ មិនឡើងថ្លៃនោះ។
លោកប្រធានសាខាកាំកុងត្រូលខេត្តបានបន្តថា កាលពីពេលថ្មីៗនេះមន្រ្តីជំនាញបានដកហូត អាល់កុលចំនួន ៣ដប នៅតាមឱសថស្ថាន នៅក្នុងខេត្ត ដោយសង្ស័យថា មិនមែនជាអាល់កុលសុទ្ធ យកមកពិនិត្យពិសោធន៍ នៅទីស្នាក់ការក្នុងខេត្ត ដោយការពិនិត្យបានរកឃើញថា ជាមេតាណុល មិនមែនជាអាល់កុលនោះទេ។ បន្ទាប់ពី ពិនិត្យឃើញថាជាអាកុលក្លែងក្លាយ មន្រ្តីជំនាញកាំកុងត្រូល បានចុះទៅធ្វើការអប់រំណែនាំ ដល់ម្ចាស់ទីតាំងលក់ នោះផ្ទាល់ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យលក់ នូវរបស់ក្លែងបន្លំបន្តទៀតនោះទេ បើសិនជានូវតែបន្តលក់របស់ក្លែង បន្លំ ម្ចាស់ទីតាំងនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ ។
ឆ្លៀតក្នុងឱកាសចុះត្រួតពិនិត្យការដាក់លក់ម៉ាស់ អាលកុល និងជែលលាងដៃ នៅតាមឱសថស្ថាន ឬគ្លីនិកឯក រួចមក មន្រ្តីជំនាញកាំគុងត្រូលក៏បាន ចុះទៅធ្វើការ ផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ស្ថានីយប្រេងសាំង នៅតាម បណ្ដា ក្រុង ស្រុក ទាំងអស់នៅក្នុងខេត្តតាកែវ ដោយបានណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងសាំង ត្រូវធ្វើការដាក់លក់ តម្លៃប្រេងសាំង ទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវ លក់រាយ តាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដោយ សាំងធម្មតាត្រូវលក់តម្លៃ ២,៣៥០ រៀល ក្នុង មួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,៤៥០រៀលក្នុង១លីត្រ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំងកុងត្រូលខេត្ត ក៍បានធ្វើការសម្របសម្រួល និងណែនាំដល់ម្ចាស់ស្ថានីយ ទាំងអស់ ឲ្យធ្វើការកែប្រែតម្លៃប្រេងភ្លាមៗ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ ក្រសួងពាណិជ្ជកម្ម ដើម្បីរួមចំណែកដោះស្រាយការលំបាក និងជួយសម្រួលជីវភាពរស់នៅ របស់ប្រជា ពលរដ្ឋ ទូទាំងប្រទេស ស្របពេលប្រទេសជាតិ កំពុងរងគ្រោះមកពីរាតត្បាតនូវមេរោគកូវីដ១៩ ៕











