ពោធិសាត់៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ពី ខេត្តពោធិ៍សាត់ កាត់ស្រុកវាលវែង ទៅដល់ថ្មដា ព្រំដែន កម្ពុជា ថៃនៅព្រឹកថ្ងៃ ច័ន្ទ ទី ៩ខែ មិនា ឆ្នាំ ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មតបខ្លាំងៗទៅនឹងការចុះផ្សាយរបស់សារព័ត៌មានរដ្ឋវៀតណាម VNA ដែលឲ្យមានការប្រុងប្រយ័ត្នចំពោះប្រទេសកម្ពុជាពីរឿងឆ្លងកូវីត១៩ នៅពេលដែលប្រទេសកម្ពុជាមិនទាន់ជាគោលដៅ នៃការឆ្លងរាលដាលដូចប្រទេសដទៃនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានបញ្ជាទៅលោករដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក សុខុន តវ៉ាទៅរដ្ឋមន្រ្តីការបរទេសវៀតណាមពីការចុះផ្សាយអាក្រក់ពីកម្ពុជារបស់សារពត៌មានរដ្ឋវៀតណាមVNA ដោយផ្សាយថាមានការរឹតបន្តឹងចំពោះប្រជាពលរដ្ឋអឺរ៉ុបខ្លះនិងប្រជាពលរដ្ឋកម្ពុជាចូលទៅប្រទេសវៀតណាម។
សម្ដេចតេជោបានបញ្ជាក់ថា «បើសារព័ត៌មានរដ្ឋវៀតណាម VNA ដែលផ្សាយជាភាសា វៀតណាមនិងភាសារអង់គ្លេស មិនដកការផ្សាយ របស់ខ្លួនចេញវិញទេខ្ញុំនឹងតវ៉ាដោយកំណត់ហេតុការទូតតែម្ដង»៕
