ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានឈ្នះលើការភ្នាល់គ្នារវាងលោកនិងលោក ខាន់ សុវណ្ណ អ្នកវិភាគតាមបណ្ដាញសង្គមហ្វេសប៊ុកនូវទឹកប្រាក់ចំនួន១ម៉ឺនដុល្លា ពាក់ព័ន្ធទៅនិងការភ្នាល់គ្នារឿងបិត KTV ឬមិនបិត បន្ទាប់ពីក្រសួងសុខាភិបាលបានចេញលិខិតណែនាំមួយឲ្យមានការបិត KTV និងរោងភាពយន្តនៅទូទាំងប្រទេសជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ១៩។
យោងតាមការបង្ហោះតាមបណ្ដាញសង្គមនៅហ្វេសប៊ុកកន្លងមក លោក ខាន់ សុវណ្ណ បានធ្វើការភ្នាល់ជាមួយលោក ពេជ្រ ស្រស់ ថាបើរដ្ឋបិត KTV លោកសុខចិត្តចាញ់១ម៉ឺនដុល្លារ តែបើរដ្ឋមិនបឹតទេលោកនឹងឈ្នះ១ម៉ឺនដុល្លារ ហើយការទូទាត់គ្នានិងសម្រេចយកថ្ងៃទី១៦ ខែ មិនា ឆ្នាំ២០២០នេះ។
នៅព្រឹកមិញនេះបន្ទាប់ពីក្រសួងសុខាភិបាលចេញលិខឹតឲ្យបិត KTV លោក ពេជ្រ ស្រស់ បានសរសេរថា «លោក ខាន់ សុវណ្ណ បើជាកូនប្រុសមែនគួរឲ្យលុយនោះមកខ្ញុំ ដើម្បីខ្ញុំយកទៅទិញសម្ភារៈពេទ្យជូនបងប្អូនជាលោកគ្រូ អ្នកគ្រូពេទ្យនៅជួរមុខ ដើម្បីទប់ស្កាត់នូវមេរោគ COVID - 19។ នរណាមានពេលជួយទារលុយពីគាត់ផង............ដោយក្តីគោរពពីខ្ញុំ ពេជ្រ ស្រស់ ១៧/០៣/២០២០»។ 

គួបញ្ចាក់ថា បន្ទាប់ពីមានមនុស្សចំនួន ២៤នាក់ ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ នៅទីបំផុតក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានស្នើទៅរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់ឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីជាវិធានការណ៍ក្នុងការទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩៕