ភ្នំពេញ៖ Harvadrde គឺជាសកលវិទ្យាល័យដ៍ល្បីល្បាញបំផុតរបស់សហរដ្ឋអាមេរិកនិងដែលមានអាយុកាលជាង៤រយឆ្នាំមកហើយ។ មាននិស្សិតតិចតួចណាស់ជាពិសេសបរទេសដែលបានប្រឡងជាប់ចូលរៀននៅសាលាដ៍ល្នីល្បាញនេះ ក៏ប៉ុន្តែសម្រាប់ព្រះសង្ឈខ្មែរមួយអង្គបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យនៅក្នុងសាលានេះ។
យោងតាមការបង្ហោះតាមបណ្ដាញសង្គម Facebook ព្រះភិក្ខុ យ៉ន សេងយៀត បានឲ្យដឹងថា «ខ្ញុំបានធ្វើបទបង្ហាញចុងក្រោយ ដើម្បីបញ្ចប់ការសិក្សាថា្នក់«ក្រោយបណ្ឌិត Post-Doctoral Research Fellowship ឬហៅកាត់ថា Postdoc » នៅសាកលវិទ្យាល័យ Harvard បានជាប់ជាស្ថាពរហើយ ក្រោយពីសិក្សាអស់រយ:ពេលជាង៣ឆ្នាំ»។ បើតាមរៀបរាប់របស់ព្រះអង្គ ការសិក្សានេះប្រព្រឹត្តិទៅបានប្រកបដោយជោគជ័យគឺអាស្រ័យដោយមានការឧបត្ថម្ភពីលោក. ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោកស្រី ខៀវ ស៊ីណា ព្រមទាំងព្រៈសង្ឃ និង ពុទ្ឋបរិស័ទទាំងក្នុងនិងក្រៅប្រទេស ។
ព្រះអង្គក៍សូមថ្លែងអរគុណចំពោះ ឯកឧត្តម និង លោកជំទាវ ព្រមទាំងអ្នកមានគុណូបការៈទាំងអស់ដោយជ្រះថ្លាបំផុតនិងបានអរគុណសាកលវិទ្យាល័យ Harvard ដែលបានផ្ដល់អាហារូបករណ៌ដល់រូបព្រះអង្គផងដែរ។ បើយោងតាមការចុះផ្សាយរបស់ Fresh News ភិក្ខុព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត ប្រសូត្រក្នុងត្រកូលគ្រួសារកសិករនៃស្រុកថ្មគោល ខេត្តបាត់ដំបង ជាកូនទីពីរ នៃ គ្រួសារដែលមានបងប្អូន ៥នាក់។ ព្រះអង្គបានបួស និង សិក្សាក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ចាប់ពីឆ្នាំ ១៩៩១ ជាទីដែលព្រះអង្គមានឱកាសសិក្សាទាំង ព្រះធម៌ ភាសាបាលី និង ភាសាអង់គ្លេស ហើយព្រះអង្គធ្លាប់មានព្រះថេរដីកាថា “ កាលណោះ អាត្មាភាព តែងតែឮអ្នកនៅក្នុងជំរំនិយាយពីប្រទេសអភិវឌ្ឍថា ដូចឋានទេវតា ! ដូច្នេះអាត្មាតែងស្រមៃរហូតដល់មានឱកាសទៅបន្តការសិក្សានៅស្រីលង្កា ។
ក្រោយព្រះអង្គបានបញ្ចប់ការសិក្សាថ្នាក់ឧត្តម និង ក្រោយឧត្តមសិក្សាជាង ៦ ឆ្នាំនៅស្រីលង្កា រួចនិមន្តត្រឡប់មកមាតុភូមិកំណើតវិញ ព្រះអង្គពុំបានបញ្ឈប់ការសិក្សាត្រឹមកម្រិតនេះឡើយ ។ អំឡុងពេលសិក្សាក្នុងឆ្នាំ ២០០៣ ដល់ ២០០៦ ព្រះអង្គ ក៏ជាប្រធានពុទ្ធិសមាគមសមណនិស្សិតខ្មែរ ស្រីលង្កាផងដែរ ។ ដោយបានបួសក្នុងព្រះពុទ្ធចក្រជាង ២០ ឆ្នាំមកនេះ ព្រះអង្គបានលះបង់ទាំងកម្លាំងកាយ និង កម្លាំងចិត្ត រួមចំណែកលើកកម្ពស់ព្រះពុទ្ធសាសនា នៅកម្ពុជា។
បើតាម Fresh News ឆ្នាំ ២០០៨ ព្រះអង្គគឺជា គ្រូពុទ្ធិកឧត្តមសិក្សាទស្សនវិជ្ជានៃក្រសួងធម្មការ និងសាសនា ហើយក្នុង ២០១០ ព្រះអង្គស្វះស្វែងរហូតទទួលសញ្ញាបត្រកម្រិតឧត្តម នៅសាលាភូមិន្ទរដ្ឋបាល និង បណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ ២០១៤។ ការព្យាយាមសិក្សាស្រាវជ្រាវទាំងថ្ងៃយប់ ក្នុងវិស័យពុទ្ធចក្រ តាំងពីកុមារភាពរហូតមក នាំឲ្យព្រះភិក្ខុបណ្ឌិត យ៉ន សេងយៀត មានចំណេះជំនាញ និងសមត្ថភាព កាន់កិច្ចការសិក្សាអប់រំព្រះសង្ឃកម្រិតឧត្តមសិក្សា ក្នុងក្រសួងធម្មការ និងសាសនា ។ ក្នុងឆ្នាំ២០០៦ ដល់ បច្ចុប្បន្ន ព្រះអង្គជា សាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។ ពីឆ្នាំ ២០១៣ ដល់បច្ចុប្បន្ន ព្រះអង្គ គឺជាព្រឹទ្ធបុរសរងភាសាអង់គ្លេស នៅ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាថែមទៀត។
ក្រៅពីតួនាទីក្នុងវិស័យអប់រំនេះ ព្រះអង្គមានតួនាទីជា អគ្គលេខាក្រុមប្រឹក្សាអន្តរសាសនាសមាជិកប្រតិបត្តិ នៃ ក្រុមប្រឹក្សាសាសនាពិភពលោក ដើម្បី សន្តិភាព ទទួលបន្ទុក បរិស្ថាន បុរីញ៉ូយ៉ក សហរដ្ឋអាមេរិក លេខាផ្ទាល់ និងជាអ្នកបកប្រែភាសាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ និងប្រធានពុទ្ធិសមាគមកម្ពុជរដ្ឋ។
វាពុំមែនជាការចៃដន្យឡើយដែលព្រះសង្ឃខ្មែរអង្គនេះមានឱកាស ទៅបន្តការសិក្សាក្រោយថ្នាក់បណ្ឌិតនៅគ្រឹះស្ថានសិក្សាល្បីល្បាញមួយនៅលើពិភពលោក ។
ជាបេក្ខជនខ្មែរតែមួយអង្គគត់ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាស្រាវជ្រាវ ថ្នាក់ក្រោយបណ្ឌិត (Postdoctoral research) ព្រះភិក្ខុរូបនេះ បាននិមន្តចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិក នៅដើមខែតុលា ឆ្នាំ២០១៦ ដើម្បី បន្តការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត រយៈពេលមួយឆ្នាំ នៅសាកលវិទ្យាល័យ Harvard ។ ព្រះអង្គ បានស្រាវជ្រាវពីទស្សនវិជ្ជាព្រះពុទ្ធ រយៈពេលមួយឆ្នាំ ក្នុងសហរដ្ឋអាមេរិក ដោយផ្តោតលើតួនាទីព្រះសង្ឃក្នុងការរក្សាសន្តិភាព នៅកម្ពុជាចាប់ឆ្នាំ១៩៩២ មកដល់សព្វថ្ងៃ៕



