(ភ្នំពេញ)៖ កាលពីព្រលប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញ អ្នកឆ្លង មេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ៥នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៩៦នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។
ប៉ុន្តែអ្វីដែលជាជោគជ័យរបស់ក្រុមគ្រូពេទ្យកម្ពុជានោះគឺថា ចំនួនអ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាល ឱ្យជាសះស្បើយមានរហូតដល់១០នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនានេះ ក្នុងនោះមានជនជាតិខ្មែរ៨នាក់ និងជនបរទេស២នាក់។
ចំណែកអ្នកជំងឺថ្មីដែលត្រូវបានរកឃើញ៥ករណី នៅថ្ងៃទី២៥ ខែមីនានេះ មាននៅខេត្តព្រះសីហនុចំនួន២នាក់ គឺបុរសជនជាតិបារាំង អាយុ៦៤ឆ្នាំ និងស្រ្តីជនជាតិបារាំងអាយុ៦០ឆ្នាំ នៅរាជធានីភ្នំពេញ១ករណី គឺបុរសអាយុ ២៧ឆ្នាំ នៅខេត្តកណ្តាល១ករណី គឺបុរសអាយុ៥៩ឆ្នាំ និងនៅខេត្តសៀមរាប១ករណី គឺបុរសអាយុ៣៧ឆ្នាំ។
* តាមការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលឲ្យដឹងបន្ថែមថា៖ បុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំខាងលើដែលឆ្លងជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ជាអ្នកឡើងចុះញឹកញាប់នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមានមិត្តច្រើនជាជនជាតិថៃ។
សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដូចខាងក្រោម ៖