ភ្នំពេញ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើលិខិតមួយច្បាប់ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គភាពសារព័ត៌មាន FirstNews ទើបទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ស្ដីពីការពន្យារពេលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនាខែមីនានេះ នៅក្រុងឡាសវេហ្គាស រដ្ឋនេវ៉ាដា ដើម្បីយកពេលវេលាឆ្លើយតបទៅនឹងការការពារទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា (COVID-19) ជាសកល។
ក្នុងលិខិតរបស់លោក ដូណាល់ត្រាំ ចុះថ្ងៃទី២ ខែមីនា ពីសេតវិមាន បានបញ្ជាក់ថា៖ «យើងត្រូវតែពន្យារពេលកិច្ចប្រជុំនេះ ដោយមើលឃើញហានិភ័យជាសកល ដែលបង្កឡើងដោយការផ្ទុះនូវវីរុសកូរ៉ូណាថ្មីឆ្នាំ២០១៩ ដើម្បីផ្ដោតការយកចិត្តទុកដាក់របស់យើងនាពេលនេះ លើការសម្របសម្រួលការឆ្លើយតបជាសកល ដែលការពារនិងធានាសុខភាព និងសុវត្ថិភាពរបស់ប្រជាជនយើង»៕




