(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឲ្យដឹងថាខ្លួនបានត្រៀមកញ្ចប់ថវិកាចំនួន៣០លានដុល្លារអាមេរិក ដើម្បីការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ ហើយប្រសិនបើនៅតែមិនទាន់រកឃើញឱសថព្យាបាលជំងឺCovid19 នេះទៀត រាជរដ្ឋាភិបាលក៏ត្រៀមនូវកញ្ចប់ថវិកាមួយចំនួនទៀតផងដែរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយពីកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃម្សិលមិញនេះបានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងសហការជាមួយក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំក្របខណ្ឌ រួមជាវិធានការ និងយន្តការជាកញ្ចប់ពាក់ព័ន្ធ នឹងការការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ ដោយគ្រោងចំណាយថវិកាជាង ៣០ លានដុល្លារអាមរិក តាមរយៈការរៀបចំបង្កើតប្រព័ន្ធការពារ និងឧបករណ៍តាមដាន, រៀបចំទីកន្លែងដើម្បីទទួលដោះស្រាយ ក៏ដូចជា ស្វែងរកអ្នកដែលមានលទ្ធភាពឆ្លងកុំឱ្យមានការរីករាលដាល សំដៅបង្ការ ការពារ និងព្យាបាលក្នុងករណីមានការឆ្លងវីរុស។ ការរៀបចំដោះស្រាយទាំងផ្នែករឹង ផ្នែកទន់ដើម្បីអាចទប់ស្កាត់រួមជាមួយវិធានការណ៍ដោះស្រាយលើគ្រប់ទិដ្ឋភាពដែលអាចឈានតៅដល់ការគឹតគូអោយមានប្រព័ន្ធការពារសុខភាពសារធារណៈសម្រាប់ការពារជំងឺឆ្លងនាពេលអនាគតតែម្ដង៕





