(ភ្នំពេញ)៖ សាលារៀនCISសាខាកោះពេជ្រ ដែលបុរសជនជាតិកាណារដាមានផ្ទុកជំងឺកូវីឌ ១៩នោះ ត្រូវបានក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះបាន ម្រេចស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យបិទសាលានេះជាបណ្ណោះអាសន្ន ខណៈអ្នកគ្រូ និងសិស្ស នៅសាលានេះទាំងអស់តម្រូវឲ្យធ្វើការតាមដានសុខភាពផ្ទាល់ខ្លួន រយៈពេល១៤ថ្ងៃ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងឲ្យដឹងថា ក្រសួងសុខាភិបាលបានសម្រេចហើយ គឺស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ឲ្យធ្វើការបិទសាលា CIS សាខាកោះពេជ្របណ្តោះអាសន្ន ហើយត្រូវមានការអនុវត្តន៍នូវការសំអាតអនាម័យអោយបានល្អ ដោយឡែកសម្រាប់អ្នកគ្រូ លោកគ្រូ ក៏ដូចជាសិស្សានុសិស្សដែលរៀននៅសាលានោះ ត្រូវបន្តតាមដាននូវសុខភាពផ្ទាល់ខ្លួន ក្នុងរយៈពេល១៤ថ្ងៃ ហើយក្រុមការងារ អ្នកស្រាវជ្រាវក្រសួងសុខាភិបាល នឹងធ្វើការងារបន្តទៀត ដើម្បីស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប៉ះពាល់ប្រយោល ដើម្បីចាត់វិធានការបន្តទៀត៕



