(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីម្សិលមិញនេះបានចេញអនុក្រឹត្យ តែងតាំងមន្ត្រីសង្ឃជាន់ខ្ពស់ ១៥អង្គ ក្នុងស្ថាប័នថេរសភា នៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាកម្ពុជា។
បើយោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល បានសម្រេចតែងតាំងសម្ដេចព្រះពោធិវ័ង្សគតិបណ្ឌិត អំ លឹមហេង ជាប្រធានស្ថាប័នថេរសភា អមដោយអនុប្រធាន៥អង្គ រួមមាន សម្ដេចព្រះវនរ័ត ណយ ច្រិក អនុប្រធានអចិន្រ្តៃយ៍  សម្ដេចព្រះឧត្តមវង្សា ម៉ួង រ៉ា អនុប្រធាននិងជាអគ្គលេខាធិការ សម្ដេចព្រះធម្មលិខឹត សៅ ច័ន្ទថុល្ល សម្ដេចព្រះឧត្តមបញ្ញា ដូង ផង់ សម្ដេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា និងអគ្គលេខាធិការរង២អង្គ រួមមាន សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្ដេចព្រះឃោសាចារ្យ ឃី សុវណ្ណរតនា រួមនិងសមាជិកចំនួន៦អង្គផ្សេងទៀត៕