សៀមរាប៖ បុរសម្នាក់ ដែលក្លែងធ្វើជាព្រះសង្ឃ និងតែងតែដើរបិណ្ឌបាតលុយពីអ្នកស្រុកអ្នកភូមិ យកមកចាយវាយផ្ទាល់ខ្លួន ដោយមិនខ្លាចបាប និងប៉ះពាល់ដល់សាសនាព្រះពុទ្ធ ផងនោះ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ធ្វើការឃាត់ខ្លួន នៅចំណុច ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប កាលពីថ្ងៃទី០១ មីនា ។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា បន្ទាប់ពីទទួលបានព័ត៌មានពីព្រះសង្ឃនៅវត្តថ្មីថា មានព្រះសង្ឃក្លែងក្លាយ បានដើររៃអង្គាសប្រាក់ ពីបងប្អូនប្រជាពលរដ្ឋនៅចំណុចភូមិឃុំខាងលើនេះ ភ្លាមៗ កម្លាំងសមត្ថកិច្ច បានសម្រចឃាត់ខ្លួនជនសង្ស័យខាងលើនេះ និងបាននាំយកមកសួរនាំបន្ថែមនៅអធិការ ។
លោកអធិការក្រុងបន្ថែមទៀតថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនេះ មានឈ្មោះ អឿ អួន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទំបន់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ហើយករណីនេះ អាចចូលជាបទល្មើសឆបោក និងគ្របដណ្ដប់បែបពុទ្ធសាសនាដោយគ្មានសិទ្ធិ និង ប្រើប្រាស់ត្រាក្លែងក្លាយ។ ក្រោយពីសួរនាំជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានក្លែងធ្វើជាព្រះសង្ឃ ដើររ៉ៃអង្គាសប្រាក់ពិតប្រាកដ និងបានចាយវាយផ្ទាល់ខ្លួន ។ សមត្ថកិច្ចបានឆែកឆេរ រកឃើញនិងដកហូតវត្ថុតាងល្មើសរួមមាន ៖ ត្រាក្លែងក្លាយចំនួន៥ និង ឆាយាល័ក្ខណ៍គណៈមហានិកាយ ចំនួន៤ថែមទៀត ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ទៅតាមនីតិវិធីច្បាប់ ៕







