តាកែវ៖ ទីតាំងសង្វៀនជល់មាន់មួយកន្លែងដែលស្ថិតនៅ ភូមិ ខ្វាវ ឃុំ ព្រៃអំពក ស្រុក គីរីវង់ បើកលេងយ៉ាង គគ្រឹកគគ្រេង នាំគ្នាហូរលឺៗ មិនរំខានដល់សមត្ថកិច្ចមូល ដ្ឋានឬលោកអធិការស្រុកគីរីវង់អីបន្តិចសោះឡើយ។
គួររំលឹកថា ល្បែងស៊ីសងទាំងនេះ កំពុងតែប្រព្រឹត្តផ្ទុយពីគោល នយោបាយភូមិឃុំសុវត្ថិភាពទាំង ៩ ចំនុចដែលរាជរដ្ឋាភិបាលដែលបានដាក់ចេញ មិនតែប៉ុណ្ណោះគឺផ្គើនទៅនឹងបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិថែម ទៀតផង ដែលបានចេញសេចក្តីប្រកាសកាលពីដើមខែមករា ឆ្នាំ ២០២០ថ្មីៗនេះ ហាមដាច់ខាតមិនឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទ មិនថាល្បែងជល់មាន់ ឬល្បែងភ្នាល់តាម Online នោះឡើយ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតមូលដ្ឋានក្បែទីតាំងសង្វៀនជល់មាន់ខាងលើបានឲ្យដឹងថា ម្ចាស់ទីតាំងសង្វៀនជល់មាន់ដែលបានបើកលេងជារៀងរាល់ ថ្ងៃនោះ គេបានបោះពាក្យសម្តីថា មិនខ្លាចសមត្ថកិច្ចណាទ្បើយ លេងទៅយើងបង់លុយឲ្យប៉ូលិសហើយ។
ពលរដ្ឋបានបន្តថា រាល់ថ្ងៃគាត់ឃើញមានមនុស្សមក លេងយ៉ាងច្រើនហើយជល់ភ្នាល់ដាក់លុយខ្ទង់លានក្នុងមួយគូរៗ ថែមទាំងស្រែកឡូឡាទ្រហឹងដោយមិនខ្វល់ពីការរំខានដល់អ្នកដទៃបន្តិចណាសោះ។  ពួកគាត់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសន្តិសុខសុវត្ថិភាពក្នុងភូមិឃុំរបស់ពួកគាត់ ព្រោះថាបើកន្លែងណាមានល្បែងស៊ីសងកន្លែងនោះជាប្រភពនៃកាកើតឡើងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ឬអាចកើតមានអំពើហិង្សាជាដើម ។
បងប្អូនប្រជាពលរដ្ឋបានសំណូមពរដល់ លោកអភិបាលខេត្ត ក៏ដូចជាលោកស្នងការខេត្ត ចាត់វិធានការទប់ស្កាត់វង់ល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ជៀសវាងកើតបទល្មើសផ្សេងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។
ជុំវិញករណីនេះដែរ លោកវរេសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានប្រាប់ FirstNews ឲ្យដឹងនៅព្រឹកនេះថា «« លោកអរគុណណាស់ អ្នកសារព័ត៌មានដែលបានផ្ដល់ដំណឹងនេះ ខ្ញុំនឹងពិនិត្យមើល និងចាត់វិធានការតាមច្បាប់»»៕