ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជារដ្ឋលេខាធិការ ឯកឧត្តម គឹម សន្តិភាព បានអះអាងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរខាងមុខនេះ ទណ្ឌិតជិត៤០០នាក់ បានស្នើសុំលើកលែង និងបន្ធូរបន្ថយទោស ។ ការស្នើសុំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ ដើម្បីពិនិត្យលើសំណើសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប ៣៩៩ នាក់ (ស្រី ៤៣ នាក់) តាមសំណើពីគណៈកម្មាធិការ រាជធានីនិងខេត្តចំនួន២២(ពន្ធនាការ២២) និងពីគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែចំនួន៤) កាលពីពេលថ្មីៗកន្លងទៅនេះ នៅទីស្តីការក្រសួងយុត្តិធម៌។
ឯកឧត្ដម គឹម សន្តិភាព បានបញ្ជាក់ថា លក្ខខ័ណ្ឌចំពោះការផ្តល់ការអនុគ្រោះទៅដល់ទណ្ឌិតដែលបានស្នើសុំលើកលែង និងបន្ធូរបន្ថយទោសសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរងខាមុខនេះ គឺគិតទៅលើទណ្ឌិតដែលបានប្រព្រឹត្តបទល្មើសស្រាល និងដែលអនុវត្តទោសបានត្រឹមត្រូវតាមច្បាប់កំណត់ សល់រយៈពេលខ្លី ឬក៏ទណ្ឌិតដែលមានវ័យចាស់ជរា ឬមានជម្ងឺរុាំរ៉ៃ ឬពិការភាពជាដើម ។ប៉ុន្តែ គណៈកម្មាធិការជាតិបន្ធូរបន្ថយ និងលើកលែងទោស មិនយកបទល្មើសគ្រឿងញៀនក្នុង ការផ្តល់ការអនុគ្រោះ ឬលើកលែងទោសនោះទេ ហើយ បទល្មើសដែលមានភាពសាហាវយង់ឃ្នងព្រៃផ្សៃក៏មិនយកការពិនិត្យនោះដែរ។
ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តទៀតថា ចំពោះទណ្ឌិតដែលបានវាយតម្លៃរួចហើយ ពីគណៈ កម្មាធិការជាតិបន្ធូរបន្ថយនិងលើកលែងទោស នៅតែរង់ចាំឯកសារមួយចំនួនដែលត្រូវបំពេញគ្រប់ ទើបផ្សព្វផ្សាយនៅពេលក្រោយ ហើយការពិនិត្យលើការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសទៀតសោត គឺមិនបានគិតពីទណ្ឌិតមកពីបក្សនយោបាយណានោះទេគឺ ពិនិត្យទាំងអស់គ្នាព្រោះទណ្ឌិតមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ហើយច្បាប់មិនបានចែងថាទណ្ឌិតមកពីបក្សណានោះទេ។
សូមរម្លឹកផងដែរថា កាលពីពិធីបុណ្យអុំទូក ក្នុងឆ្នាំ២០១៩ កន្លងមក គណៈកម្មាធិការជាតិ ពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ដែលបានលើកសំណើសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប ៥១២ នាក់ (ស្រី ៥៨ នាក់) ជាលទ្ធផល អង្គប្រជុំបានសម្រេចធ្វើសំណើរគោរពជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប ៩០ នាក់ ( ស្រី ១៧ នាក់) ។ ជាមួយគ្នានេះ ចំពោះការបន្ថយទោស៦ ខែ ចំនួន ៥៨ នាក់ (ស្រី ១៣ នាក់) បន្ថយទោស៩ ខែ ចំនួន ១៤ នាក់ (ស្រី ០១ នាក់) បន្ថយទោស១២ខែ ចំនួន ០៨ នាក់ (ស្រី ០១ នាក់) និងលើកលែងទោស ចំនួន ១០ នាក់ ( ស្រី ០២ នាក់ ) ៕





