ភ្នំពេញ​៖​ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួន ត្រូវបាន លោក​ សាយ​ ណូ​រ៉ា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ បាន​សម្រេច​ចោទប្រកាន់​​ ពាក់ព័ន្ធ​នឹង​ការ​លួច​លក់​ដី​មិនមែន​ជា​របស់​ខ្លួន​ នៅ​សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​
​សូមបញ្ជាក់ដែរថា លោក​ ស​ ថា​វី​ អតីត​អភិបាលខេត្ត​ឧត្តរមានជ័យ​ ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​ «​ផ្តើមគំនិត​ក្នុង​អំពើ​លួច​លក់​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន​»​។​ ចំណែក​បក្ខពួក​ផ្សេង​ទៀត​ដែល​ក្នុង​នោះ​មាន​៧​នាក់​ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​លក់​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន​។​ នេះ​បើ​តាម​ លោក​ គុ​ជ​ គឹ​ម​ឡុ​ង​ អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ កាលពី​រសៀល​ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០២០​នេះ​។​
​ទោះជា​យ៉ាងនេះ​ក្តី​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចោទប្រកាន់​ទាំងនោះ​ មាន​តែ​៣​រូប​ប៉ុណ្ណោះ​ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ខណៈ​អ្នក​ផ្សេង​ទៀត​ស្ថិត​នៅ​ក្រៅ​ឃុំ​នៅឡើយ​។​ មនុស្ស​៣​នាក់​នោះ​ រួម​មាន​ទី​១៖​ ឡុ​ង​ ដា​រ៉ា​ អាយុ​៣៥​ឆ្នាំ​,​ ទី​២៖​ ឡូញ​ រស់​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ និង​ទី​៣៖​ ប៉ូច​ ថេ​ន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​។​
​ជន​ទាំង​៣​នាក់​ខាងលើ​នេះ​ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧​ ខែកុម្ភ​:​ ឆ្នាំ​២០២០​ ជាប់​ពាក់ព័ន្ធ​រឿង​លួច​លក់​ដី​អ្នក​ដទៃ​មាន​ទំហំ​ ២២៩០០​ម៉ែត្រការ៉េ​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សំរោង​ត្បូង​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ កាលពី​កំឡុង​ឆ្នាំ​២០១៨​ កន្លង​ទៅ​។​ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ទាំង​៣​រូប​នេះ​ មក​កាន់​តុលាការ​ កាលពី​រសៀល​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។​
​ដីកា​របស់​ព្រះរាជអាជ្ញា​ សយ​ ណូ​រ៉ា​ បាន​សម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​លើ​មនុស្ស​ចំនួន​ដូច​ខាងក្រោម​៖
​ទី​១៖​ លោក​ ស​ ថា​វី​ អាយុ​៥៣​ឆ្នាំ​ (​ក្រៅ​ឃុំ​)
​ទី​២៖​ លោក​ ឡុ​ង​ ដា​រ៉ា​ ហៅ​ ណា​ង​ (​មានខ្លួន​)
​ទី​៣៖​ លោក​ ប៉ូច​ ថេ​ន​ អាយុ​៥២​ឆ្នាំ​ (​មានខ្លួន​)
​ទី​៤៖​ លោក​ ឡូញ​ រស់​ អាយុ​៤០​ឆ្នាំ​ (​មានខ្លួន​)
​ទី​៥៖​ លោក​ អ៊ុ​ក​ ភក្តី​ កើត​ឆ្នាំ​១៩៦៦​ (​ក្រៅ​ឃុំ​)
​ទី​៦៖​ លោក​ យិ​ន​ អ៊ិម​ (​ក្រៅ​ឃុំ​)
​ទី​៧៖​ លោក​ ម៉ាត់​ ឌី​ អាយុ​៥០​ឆ្នាំ​ (​ក្រៅ​ឃុំ​)
​ទី​៨៖​ លោកស្រី​ យស់​ ម៉ា​លី​ណា​ (​ក្រៅ​ឃុំ​)
​ទី​៩៖​ និង​ គូកន​ (​ក្រៅ​ឃុំ​)


​យោង​តាម​កំណត់ហេតុ​របស់​សមត្ថកិច្ច​ដែល​បានឲ្យ​សារព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១៨​ ឈ្មោះ​ ឡុ​ង​ ដា​រ៉ា​ បាន​លក់​ដី​ទំហំ​ ២២៩០០​ម៉ែត្រការ៉េ​ ទៅ​ឱ្យឈ្មោះ​ ប៉ូច​ ថេ​ន​ ក្នុង​តម្លៃ​ទឹកប្រាក់​ (១៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​ ហើយ​បាន​ចែក​លុយ​នោះ​ឲ្យ​ទៅ​មេធាវី​ចំនួន​៧​ម៉ឺន​ដុល្លារ​ ចែក​ទៅ​ឲ្យ​លោក​ យិ​ន​ អ៊ិម​ ចៅសង្កាត់​សំរោង​ ៤​ម៉ឺន​ដុល្លារ​ ជា​ថ្លៃ​ធ្វើ​ឯកសារ​លក់​ដី​ខាងលើ​ និង​ចែក​មនុស្ស​មួយ​ចំនួន​ទៀត​។​ ឈ្មោះ​ ឡុ​ង​ ដា​រ៉ា​ បាន​សារភាព​ថា​ នៅ​សល់​ប្រាក់​ ៣០០០០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។​ ជនសង្ស័យ​ ឡុ​ង​ ដា​រ៉ា​ បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ទៀត​ថា​ ដី​នេះ​ឈ្មោះ​ ប៉ូច​ ថេ​ន​ ជា​អ្នក​ឈរឈ្មោះ​ទិញ​ទៅ​ឱ្យឈ្មោះ​ ស​ ថា​វី​។​ ​ឈ្មោះ​ ឡុ​ង​ ដា​រ៉ា​ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ ចំពោះ​ដីស្រែ​ដែល​ខ្លួន​បាន​លក់​នោះ​ដែរ​ គឺជា​ដីស្រែ​របស់​ លោក​ ភឺន​ ផល្លា​ ដោយ​មាន​ លោក​ ស​ ថា​វី​ ជា​អ្នកបញ្ជា​ឲ្យ​ខ្លួន​ជា​អ្នកលក់​ទៅ​ឲ្យ​ឈ្នោះ​ ប៉ូច​ ថេ​ន​ ហើយ​រាល់​ឯកសារ​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការ​ទិញ​លក់​ដី​នេះ​ គឺ​ឈ្មោះ​ អ៊ុ​ ភក្តី​ ជា​អ្នក​រៀបចំ​ឡើង​៕