ព្រៃវែង៖ ថ្មីៗនេះសង្កេតឃើញថា ការនាំចូលជ្រូកពីប្រទេសថៃ ដោយឆ្លងកាត់កម្ពុជា មកស្តុកទុកនៅចំណុចភូមិការធំ ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង ដើម្បីធ្វើការដឹកជញ្ជូនបន្ត ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកស្វាយអាង៉ោង និងច្រកក្រាំងលាវទាំងយប់យ៉ាងប្រសេកប្រសាច ភ្លូកទឹកភ្លូកដី ប្រជាពលរដ្ឋសង្ស័យថា អាជ្ញាធរ និងមន្ត្រីជំនាញត្រូវរូវគ្នា បានស៊ីបានចុកហើយមើលទៅ ។
ប្រភពពីសមត្ថកិច្ចនៅប្រចាំច្រកស្វាយអាង៉ោងនិងក្រាំងលាវ សូមមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ FirstNews ថា ប្រទេសវៀតណាមគឺមិនឱ្យចរាចរណ៍ជ្រូកពេលថ្ងៃនោះទេ ដោយសារតែជ្រូកទាំងនោះ ជាជ្រូកមិនស្របច្បាប់របស់វៀតណាមឡើយ ហេតុនេះហើយពួកឈ្មួញនិងលោកធំៗ គ្រប់គ្រងច្រកបានសហការគ្នាយ៉ាងស្អិតរមួតដើម្បីធ្វើការនាំជ្រូកចេញបានស្រួលបែបនេះ ។
តាមប្រភពពីពីប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើបានបន្តឲ្យដឹងថា ការនាំជ្រូកចេញចូលក៏ដូចជាទំនិញផ្សេងៗទាំងយប់កណ្ដាលអាធ្រាតបែបនេះ មិនមែនជារឿងស្របច្បាប់នោះទេ ហើយសកម្មភាពទាំងនេះ កើតមានជារៀងរាល់យប់តែម្តង ។ពួកគាត់ព្រួយបារម្ភថា បើនៅតែបណ្តែតបណ្តោយឲ្យបន្តសកម្មភាព លួចលាក់នាំចេញចូលទំនិញខុសច្បាប់បែបនេះតទៅទៀតនោះ មិនយូរមិនឆាប់ទេ មុខជានិងមានរឿងរ៉ាវកើតឡើង ព្រោះថានិងអាចកើតមាននៅចោរបន្លំជាមួយក្រុមឈ្មួញរកស៊ីចូលមកលួចប្លន់ផ្ទះប្រជាពលរដ្ឋជាក់ជាមិនខាន ។
ពាក់ព័ន្ធទៅនិងបញ្ហា នៃការចោទប្រកាន់របស់ពលរដ្ឋបែបនេះ លោក ចាន់ ចន ដែលជាស្នងការរងទទួលផែនកិច្ចការច្រកព្រំដែន ក៏បានបកស្រាយថា ច្រកព្រំដែនធម្ម តាគឺមិនមានការបើកនៅពេលយប់នោះទេ តែដោយសារមានការយោគយល់និងអន្តរាគមន៍ពីថៅកែធំៗជាក់ស្តែងនៅរសៀលថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២០ ទើបមានការបើកបែបនេះ ។លោកបន្តថា លោកនឹងបញ្ជាឲ្យបិទច្រកនេះនៅពេលយប់តាមការសំណូមពររបស់ពលរដ្ឋផងដែរ ៕




