ពោធិ៍សាត់៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការអះអាងថា ប្រទេសចិនបានបញ្ជូននាវា៧គ្រឿងដើម្បីដឹកសម្ភារៈជាវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រនៅក្នុងប្រទេសកម្ពុជាដែលកំពុងតែប្រឈមមុខនិងការខ្វះវត្ថុធាតុដើម។
ថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ នៅព្រឹកថ្ងៃ ច័ន្ទ ទី ៩ខែ មិនា ឆ្នាំ ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ថ្ងៃនេះខ្ញុំមានដំណឹងល្អមួយសម្រាប់បងប្អូនកម្មកររោងចក្រ គឺប្រទេសចិនបានបញ្ជូននាវា៧គ្រឿងដឹកសម្ភារៈវត្ថុធាតុដើមដល់រោងចក្រក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះចូលជើងទី១និងថ្ងៃស្អែកចូលជើងទី២ ដោយ៥គ្រឿងចូលតាមខេត្តព្រះស៊ីហនុនិង២គ្រឿងទៀតចូលតាមក្រុងហូជីមិញដើម្បីដឹកបន្តមកតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតខេត្តស្វាយរៀង»។
សម្ដេចតេជោបានថ្លែងបន្តថា បើតាមមឹត្តចិន នាវា៧គ្រឿងនេះនឹងបន្តដឹកសម្ភារៈវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅប្រទេសកម្ពុជារហូតដល់ខែឧសភា ហើយសម្ដេចតេជោក៏បានអំពាវនាវដល់រោងចក្រនានាកុំយកហេតុផលព្យួការងារកម្មករ ហើយលុបចោលកិច្ចសន្យាការងាររបស់កម្មករអោយសោះ៕
