ភ្នំពេញ៖ ក្រុមប្រឹក្សាចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០២០ កន្លងទៅនេះបានសម្រេចចេញសាលក្រមកាត់ទោសលោកឧកញ៉ា គិត ធាង បងប្រុសបង្កើតមហាសេដ្ឋីស្រុកខ្មែរអ្នកញ៉ា គិត ម៉េង ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន ជាង ៥០គីឡូក្រាម ក្រោមបទចាត់ចែងសម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងបទសមគំនិត។
បន្ទាប់ពីការប្រកាសសាលក្រមលើលោកឧកញ៉ា គិត ធាង លោក វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានបញ្ចេញទស្សនៈតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ការកាត់ទោសនេះ ហាក់បីដូចជាមិនសាកសមនឹងទំហំប្រព្រឹត្តនោះឡើយ។ លោកថ្លែងថា «ខណៈដែលមហាជនកំពុងវ៉ក់វីរឿង ផ្ទុះជំងឺCovid19 ក្រុមប្រឹក្សាតុលាការប្រកាសសាលក្រមផ្តន្ទាទោស លោក គិត ធាង ត្រឹមតែ ៤ឆ្នាំ លើសំណុំរឿងគ្រឿងញៀន ៥០គីឡូក្រាម» ។
សូមរំលឹកថា សមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញកាលពីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ បានធ្វើការឆ្មក់បង្ក្រាប មជ្ឈមណ្ឌលកម្សាន្ត Rock ដែលគ្រប់គ្រងដោយលោកឧកញ៉ា គិត ធាង ដោយធ្វើការដករហូតថ្នាំញៀនជិត៥០គីឡូក្រាម រួមទាំងឃាត់ខ្លួនជនសង្ស័យចំនួនជាង ៣០០នាក់។
មុនធ្វើការបង្រ្កាបលើមជ្ឈមណ្ឌលរ៉ុក អ្នកឧកញ៉ា គិត ធាង ធ្លាប់ត្រូវអាជ្ញាធររាជធានីភ្នំពេញ ឱ្យធ្វើកិច្ចសន្យាចំនួន ២លើក រួចមកហើយ ក្នុងគោលបំណងឱ្យសេដ្ឋីរូបនេះកែខ្លួន បញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ដោយលើកទី១- ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ និងលើកទី២-នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។ ដោយនៅក្នុងកិច្ចសន្យានោះ អ្នកឧកញ៉ា គិត ធាង បានសន្យាថា ”មិនអនុញ្ញាតឱ្យមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងទីតាំងអាជីវកម្ម និងសុខចិត្តអាជ្ញាធរ មានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ បិទអាជីវកម្មទាំងស្រុង និងទទួលខុសត្រូវតាមច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ព្រមទាំងច្បាប់ផ្សេងៗទៀត។
ប៉ុន្តែសេដ្ឋីរូបនេះមិនខ្លាចរអាច្បាប់និងថ្នាក់ដឹកនាំនោះទេ។ ពេលបង្ក្រាបបានភ្លាមៗ ស្ថិតក្នុងពិធីបិទសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារ សូហ្វីតែល នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា ករណីរ៉ុកគឺជាករណី មិនត្រូវលើកលែងនោះទេ ។ ករណីរ៉ុកទោះបីជាត្រូវ ជីកជម្រៅប៉ុន្មានរយម៉ែត្រ ឬម៉ឺនម៉ែត្រចុះក្នុងដី ដើម្បីរកមេខ្លោង ក៏ត្រូវជីកឲ្យជ្រៅតាមរកដែរ ព្រោះវាបានបំផ្លាញ អនាគតយុវជនជាច្រើនរួចមកហើយ៕



