រាជធានីភ្នំពេញ ៖ បើយោងតាមសម្ដីរបស់សមត្ថកិច្ច ដែលបានចុះធ្វើការអន្តរាគមន៍ ជួយពន្លត់ភ្លើងឆេះព្រៃ និងដើមត្រែងងាប់ នៅជាប់ផ្លូវ ៦០ម៉ែត្រ នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង នៅជិតរបងសាលាអន្តរជាតិ ISPP ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺបង្កឡើងដោយជនអនាថាម្នាក់ គ្មានផ្ទះសំបែង ចេះតែដើររើសនេះរើសនោះយកមក សង់ខ្ទមស្នាក់នៅ ហើយមកដុតខ្សែភ្លើងយកស្ពន់ បណ្ដាលឲ្យឆាប ឆេះដើមត្រែង និងស្មៅងាប់ៗ ចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅតែម្ដង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងជិត១០:៤០ នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ គេតែងតែឃើញបុរសអនាថានោះ ដើររើសអេតចាយ និងរើសនេះរើសរោះតាមផ្លូវ ហើយបានយកខ្សែភ្លើងមកដុតយកស្ព័ន ទើបរាលដាលជាអគ្គិភ័យ ឆេះដើមត្រែង ព្រៃ និងស្មៅងាប់ៗ ចេញជា អណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅ នៅក្នុងដីឡូត៍ទុកចោលត្រង់កន្លែងកើតហេតុខាងលើ បង្កការភ្ញាក់ផ្អើលដល់ បងប្អូនអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយកម្លាំង អន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ និងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ បង្ការនិង ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ចំនួន២គ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ។
សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះមានអគ្គីភ័យកើតឡើងសឹងរាល់ថ្ងៃជាពិសេសនៅប៉ុន្មានថ្ងៃនេះ គឺមានករណីអគ្គីភ័យជាប់គ្នាៗតែម្ដង! ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័អោយបានខ្ពស់ ដើម្បីកុំអោយមានគ្រោះអគ្គីភ័យ កើតឡើងចំពោះបងប្អូន៕