ភ្នំពេញ៖ ការប្រមូលចំណូលពន្ធគយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៅខែកុម្ភៈ ឆ្នាំ២០២០ មានការធ្លាក់ចុះបន្ដិចបន្ដួច នេះបើយោងតាមលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។
លោក គុណ ញឹម បានថ្លែងថា «ការប្រមូលចំណូលពន្ធគយខែមករាមានចំនួន២៥០លានដុល្លា ក៍សម្រាប់ប៉ុន្ដែខែកុម្ភៈយើងប្រមូលបានតែ២៣៥លានដុល្លាប៉ុណ្ណោះ។ ការធ្លាក់ចុះនេះដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ផង បញ្ហាជំងឺកូវីដ១៩ផង និយាយជារួមខែកុម្ភៈនេះ គឺចំណូលរបស់យើងទាបជាងផែនការបន្ដិចបន្តួច។
អគ្គនាយកគយលោក គុណ ញឹម បានថ្លែងបន្តថា ក្នុងឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ចេញផែនការដែលកំណត់ដោយច្បាប់ហរិញ្ញវត្ថុ គឺត្រូវប្រមូលពន្ធឲ្យបានជាង២,៩០០លានដុល្លារ ហើយបើគិតជាមធ្យមប្រចាំខែយើងត្រូវប្រមូលឲ្យបានជិត២៥០លានដុល្លារ។
គួបញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងទៅនេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានប្រមូលចំណូលពន្ធបានប្រមាណ៣,២០០លានដុល្លា ការប្រមូលចំណូលពន្ធគយគឺមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕