ពោធិ៍សាត់៖ នៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ នៅព្រឹកថ្ងៃ ច័ន្ទ ទី ៩ខែ មិនា ឆ្នាំ ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករដែលត្រូវព្យួការងារហើយដែលបានខ្ចីប្រាក់នៅធនាគារឬនៅតាមគ្រិះស្ថានមីក្រូហិរញ្ញវត្ថុនានា និងត្រូវពន្យាពេលក្នុងការសងហើយក៏នឹងត្រូវលើកលែងចំពោះការប្រាក់ផងដែរ។

សម្ដេចតេជោបានថ្លែងបន្តថា សម្ដេចបានបញ្ជាទៅលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនិងលោក អូន ពន្ធមុនីរ័ត្ន ឲ្យជួបប្រជុំជាមួយម្ចាស់ធនាគារនិងគ្រិះស្ថានមីក្រូហិរញ្ញវត្តុ ដើម្បីធ្វើកិច្ចការនេះ ហើយសម្ដេចតេជោសសម្ដែងនូវក្ដីសង្ឃឹមថាម្ចាស់ធនាគារនិងគ្រិះស្ថានមីក្រូហិញ្ញវត្ថុនឹងមានការយោគយល់ដល់បងប្អូនកម្មករប្រមាណជាង១ម៉ឺននាក់ដែលបានខ្ចីប្រាក់ ដោយពន្យាពេលការសងប្រាក់និងមិនយកការប្រាក់ពីបងប្អូនមួយរយៈពេលដែលត្រូវព្យួការងារ ដែលពួកគេទទួលបានប្រាក់ខែតែ៦០ភាគរយប៉ុណ្ណោះ។
នៅក្នុងឱកាសនោះសម្ដេចតេជោក៍បានអំបាវនាវ ដល់ម្ចាស់បូរីដែលលក់ផ្ទះដល់បងប្អូនកម្មករឬអ្នកបំរើការងារនៅតាមផ្ទះសំណាក់សណ្ឋាគារ សុំពន្យាពេលការបង់ប្រាក់ ហើយកុំផ្ដាច់កុងត្រា ដែលសុំឲ្យមានការយោគយល់ ហើយផ្នែកខាងអគ្គីសនីនិងរដ្ឋាករទឹកក៏នឹងពិចារណាឲ្យបងប្អូនកម្មករជំពាក់ថ្លៃទឹកភ្លើងមួយរយៈផងដែរ៕