ពោធិសាត់៖ សម្ដេចតេជោ ហ៊ុន បានធ្វើការគំរាមនឹងចាប់ខ្លួនបុរសម្នាក់ដែលរស់នៅក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែង ដែលបានធ្វើការចោទប្រកាន់សម្ដេចថាបានកើតជំងឺកូវីតនិងត្រូវបានគេបញ្ចូនជាសំងាត់ទៅព្យាបាលជំងឺកូវីតនៅពេទ្យប្រទេសសាំងហ្កាពួ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ពី ខេត្តពោធិ៍សាត់ កាត់ស្រុកវាលវែង ទៅដល់ថ្មដា ព្រំដែន កម្ពុជា ថៃនៅព្រឹកថ្ងៃ ច័ន្ទ ទី ៩ខែ មិនា ឆ្នាំ ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា«ថ្ងៃនេះខ្ញុំគ្រាន់តែព្រមានទេ បើថ្ងៃក្រោយលោកឯងនៅតែបន្តនិយាយបែបនេះទៀត ខ្ញុំនឹងបញ្ជាឲ្យប៉ូលីសទៅវ៉ៃខ្មោះដល់ផ្ទះតែម្ដង»។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា បើសម្ដេចមានជំងឺកូវីត១៩ពិតប្រាកដមែន ទោះចេញទៅប្រទេសណាក៍គេមិនឲ្យចេញដែរព្រោះវាឆ្លងដល់គេ ព្រោះគោលការណ៏របស់អង្គការសុខភាពពិភពលោករកឃើញជំងឺកូវីតនេះនៅកន្លែងណាត្រូវព្យាបាលនៅកន្លែងនោះតែម្ដង ហើយបញ្ហាជំងឺកូរ៉ូណានៅពេលនេះជាពេលវេលាដែលត្រូវសហការគ្នា រូបរួមគ្នាដើម្បីទប់ស្កាត់កុំឲ្យរីករាលដាលទៅកន្លែងផ្សេងទៀត៕
