តាកែវ៖ បុរស២នាក់ គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូរ៉ឺម៉ក នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅភូមិដើមផ្អៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង តាំងពីម៉ោងជាង១១យប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ប៉ុន្តែសពមិនត្រូវបានសមត្ថកិច្ចឬអាជ្ញាធរយកចេញពីកន្លែងកើតហេតុទេ គឺទុកចោលលើចិញ្ជើមផ្លូវជាតិលេខ២ ដោយថារងចាំសាច់ញាតិមកទទួលសព ដល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ 

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២និង ៥០ នាទី នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៨៨-៨៩ ដែលស្ថិតនៅក្នុងភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ រវាងម៉ូតូ សណ្តោងរ៉ឺម៉ក និងម៉ូតូ ក្នុងទិសដៅស្របគ្នា។ 
ប្រភពពីលោកអធិការស្រុកទ្រាំងបានឲ្យដឹងថា ភាគីខាងម៉ូតូរឺម៉ក មានឈ្មោះ ភន់ សុហេង ភេទប្រុស អាយុ២៩ ឆ្នាំ ស្រុកកំណើតនៅភូមិ៣ សង្កាត់២ ខ័ណ្ឌមិត្តភាព ខេត្តព្រះសីហនុ ចំណែកភាគីឯភាគីខាងម៉ូតូ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ 
លោកបន្តថា មុនពេលកើតហេតុភាគីទាំងពីរ បានបើក បរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើត ហេតុ ខាងម៉ូតូដែលមានល្បឿនលឿនផងនោះ បានបុកម៉ូតូរ៉ឺម៉កពីក្រោយពេញមួយទំហ៊ឹងបណ្តាលឲ្យដួលម៉ូតូបោកក្បាលស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុទាំងពីរតែម្តងទៅ៕