ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកភូមិដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដែលមានបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រិទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ប្រមាណជិត១០ឆ្នាំមកហើយនោះ កំពុងតែធ្លាក់ខ្លួននៅក្នុងបំណុលនិងបានធ្វើឲ្យជិវឹតកូនចៅរបស់ពួកគេឃ្លាតចាកឆ្ងាយពីការសិក្សា។
បើយោងតាមការចុះផ្សាយរបស់ VOA អ្នកស្រី ឃន ខន ដែលមានកូន៧នាក់ក្នុងបន្ទុក ដែលបានបាត់បង់ដីធ្លីប្រមាណ៣ហិកតាទៅក្រុមហ៊ុនស្ករអំពៅភ្នំពេញ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងតែកំពុងជំពាក់ធនាគារចំនួន២ ដែលសរុបទឹកប្រាក់ប្រមាណ៥.០០០ដុល្លារអាមេរិក និងជំពាក់ឯកជនប្រមាណ១ពាន់ដុល្លារទៀត ការខ្ចីនេះដោយសារតែអ្នកស្រីត្រូវការថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ រហូតដល់មានការខ្ចីជាបន្តបន្ទាប់។
អ្នកស្រីបានថ្លែងប្រាប់VOA ថា៖«រដ្ឋាភិបាលបានសន្យាដោះស្រាយរហូតតែមិនទទួលបានលទ្ធផលសោះ។ ស្ថានភាពនេះ ធ្វើឲ្យប្រជាពលរដ្ឋនៅជំពាក់ចងក ជំពាក់រដ្ឋ[ធនាគារ] ជំពាក់ឯកជន។ បើមិនជឿ ទៅដើរសួរតាមភូមិ មិនមែនតែខ្ញុំមួយទេ»។
អ្នកស្រី ឃន ខន គឺជាអ្នកប៉ះពាល់ម្នាក់ក្នុងចំណោមអ្នកភូមិដែលប៉ះពាល់និងរងគ្រោះប្រមាណ១២០០គ្រួសារដែលទីលំនៅ និងដីធ្លីរបស់ពួកគេ ត្រូវបានធ្វើឲ្យប៉ះពាល់ដោយក្រុមហ៊ុនស្ករអំពៅភ្នំពេញ តាំងពី១០ឆ្នាំមុនមក។ក្រោយពីមានជម្លោះដីធ្លីនោះមក ប្រជាជនមួយចំនួនបានធ្វើចំណាកស្រុកស៊ីឈ្នួលឲ្យអ្នកដទៃ ដើម្បីរកប្រាក់ចំណូលជាដើមហើយមួយចំនួនទៀតបានចាកចេញទៅរស់នៅតំបន់ផ្សេងៗទៀត ហើយជីវឹតអ្នកស្រីត្រូវបានផ្លាស់ប្តូរ និងជួបការលំបាកច្រើនចាប់តាំងពីពេលដែលក្រុមហ៊ុនស្ករអំពៅភ្នំពេញ យកដីដែលមានទំហំ៣ហិកតារបស់អ្នកស្រីនិងដីរបស់កូនអ្នកស្រី៤នាក់ទៀត ដែលមានទំហំសរុបជាង ១០ហិកតា។ ស្វាមីរបស់អ្នកស្រី លោក លឹម វ៉ាន់ អតីតទាហានខ្មែរក្រហម បានស្លាប់កាលពីប៉ុន្មានឆ្នាំមុន ខណៈអ្នកស្រី ដែលបាក់ដៃខាងស្តាំ ដោយសារគ្រោះថ្នាក់ ពុំមានដីធ្វើស្រែចម្ការ ចិញ្ចឹមសត្វគោ មាន់ទា ដូចកាលពីមុន។
អ្នកស្រីបានថ្លែងប្រាប់VOAថា អ្នកស្រីត្រូវបង់ធនាគារក្នុងរយៈពេលជាង២ឆ្នាំទៀត ដោយក្នុងមួយខែ អ្នកស្រីត្រូវបង់ជាង៧០ម៉ឺនរៀល ហើយប្រាក់នោះ គឺត្រូវបានជួយបង់ដោយកូនប្រុសពៅរបស់អ្នកស្រី គឺលោក វ៉ាន់ ប្រុស អាយុ២០ឆ្នាំ ដែលឈប់រៀន ស៊ីឈ្នួលដឹកឈើឲ្យគេ។
ក្រៅពីជំពាក់បំណុលគេដែលអ្នកស្រីអះអាងថាពិបាកនឹងសង អ្នកស្រីបង្ហាញការសោកស្តាយដែលកូនប្រុសរបស់អ្នកស្រី៣នាក់ បានឈប់រៀននៅថ្នាក់ទាបៗ ក្រោយពេលអ្នកស្រីបាត់បង់ដីធ្លី ហើយពួកគេបច្ចុប្បន្នធ្វើការស៊ីឈ្នួលដឹកឈើឲ្យគេដើម្បីជួយជីវភាពអ្នកស្រី។
អ្នកស្រីបានថ្លែងបន្តថា មិនត្រឹមតែអ្នកស្រីដែលបាត់បង់ដីនោះទេ កូនៗរបស់អ្នកស្រី៤នាក់ផ្សេងទៀត ក៏បានបាត់បង់ដីសរុបទាំងអស់ជាង១០ហិកតា ទៅក្រុមហ៊ុនស្ករអំពៅដែលគ្រប់គ្រងដោយឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលម្នាក់មកពីគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១០។
កូនរបស់អ្នកស្រី គឺអ្នកស្រី វ៉ាន់ សៅរី អាយុ៣០ឆ្នាំ បានថ្លែងថាអ្នកស្រីបានបាត់បង់ដីធ្លីចំនួន២ហិកតាកន្លះ ដែលអ្នកស្រីធ្លាប់ធ្វើស្រែ ដើម្បីបានអង្ករហូបប្រចាំឆ្នាំ។ ប៉ុន្តែអ្នកស្រីដែលមានកូន២នាក់ លែងបានធ្វើស្រែទៀតហើយ និងត្រូវចំណាយលុយទិញអង្ករគេហូបវិញ។
អ្នកស្រី វ៉ាន់ សៅរី ដែលជាស្រ្តីមេម៉ាយ កំពុងបារម្ភអំពីអនាគតកូនៗដែលកំពុងរៀនថ្នាក់ទី៦ និងថ្នាក់ទី៣ ខណៈអ្នកស្រីស៊ីឈ្នួលដកដំឡូងឲ្យគេនៅក្នុងឃុំត្រពាំងជោរ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។
អ្នកស្រីបានថ្លែងប្រាប់VOAថា៖«បារម្ភ! វាចង់ចេះរៀនទៅមុខអញ្ចឹងទៅ ខ្លាចយើងអត់មានលុយឲ្យវារៀន ព្រោះអីកូនខ្ញុំរៀនចេះណាស់ រាល់ថ្ងៃ វាចង់រៀន ខ្លាចទៅមុខទៅ រកលុយអត់បានឲ្យវារៀន»៕




