ភ្នំពេញ៖ គិតមកដល់ម៉ោង ១០:០០យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាសថា យោងតាមលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឱ្យដឹងថា កម្ពុជាបានរកឃើញករណីវិជ្ជមានថ្មីនៃវីរុសកូវីដ-១៩ ចំនួន៣នាក់ បន្ថែម ដែលជាស្ត្រីជនជាតិបារាំងម្តាយទារកអាយុ ៤ខែ នៅរាជធានីភ្នំពេញ និង ២នាក់ទៀតជាបុរសជនជាតិខ្មែរនៅខេត្តកំពង់ចាមនិងខេត្តកោះកុង។ បើបូកបន្ថែមទាំងករណីថ្មីទាំង ៣ នេះ បានធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ-១៩ បានកើនឡើង ៨៧ នាក់ហើយ (២ករណីបានជាសះស្បើយ)។

បើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យអ្នកសារព័ត៌មានដឹងថា ឈានមកដល់យប់នេះ នៅកម្ពុជា នៅមិនទាន់មានអ្នកជំងឺណាម្នាក់វិវត្តន៍ទៅរកអាការៈធ្ងន់ធ្ងរនៅឡើយទេ គឺមិនទាន់មានអ្នកណាម្នាក់ស្លាប់ដោយជំងឺកូវីដ-១៩ នោះឡើយ។

ក្រសួងសុខាភិបាល បន្ថែមថា ក្រុមការងាររបស់ក្រសួងសុខាភិបាល កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីជាបន្តទៀត ហើយនឹងបន្តជម្រាបជូនបងប្អូនសារណជន ប្រសិនបើមានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីណាផ្សេងទៀត៕