តាកែវ៖ ដើម្បីឆ្លើយតបទៅនឹងការការពារពីការរីករាលដាល ក៏ដូចជាការត្រៀមលក្ខណៈទុកជាមុន ក្នុងការបង្ការ នឹងការពារ នូវជម្ងឺផ្លូវ ដង្ហើមដ៏កាច សាហាវគឺជម្ងឺកូរ៉ូណាឬជម្ងឺកូវីត១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែមីនានេះ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យមើលអាគារ អន្តេវាសិកដ្ឋាន ដែលជាអាគារសម្រាប់ស្នាក់នៅរបស់គរុសិស្ស នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ កម្ពស់៣ជាន់ មាន៦០បន្ទប់ ត្រៀមទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ ដោយឡែកចំពោះអ្នកដែលសង្ស័យឬមានផ្ទុកជម្ងឺកូវីត១៩នេះ ។
ឯកឧត្តម អ៊ូច ភា គូសបញ្ជាក់ទៀតថា សម្រាប់ខេត្តតាកែវ យើងមានអាគារអន្តេវាសិកដ្ឋាន ដែលជាអំណោយរបស់ សម្តេចតេជោ ត្រៀមទុកសម្រាប់អ្នកសង្ស័យកើត មានជម្ងឺកូវីត១៩ នេះ ហើយតាមការពិនិត្យជាក់ស្តែង ថ្ងៃនេះយើងបាន ពិនិត្យឃើញថា អាគារស្នាក់នៅរបស់គរុសិស្សនេះមានបន្ទប់នីមួយៗ ដែលមាន បំពាក់រួច ជាស្រេច នូវទឹក ភ្លើង បន្ទប់ទឹក កង្ហារជាដើម ប៉ុន្តែបន្ទប់ នីមួយៗមិនទាន់ស្អាត ដូច្នោះហើយយើងនឹងសម្អាត អាគារនេះ ឲ្យស្អាត នឹងមានអនាម័យ ពិសេសគឺបាញ់ថ្នាំសម្លាប់មេ រោគ ឲ្យស្អាតល្អសិន ហើយនឹងឲ្យមន្ទីរសុខាភិបាលខេត្ត បញ្ជូនគ្រែ ព្រមទាំងសម្ភារៈនិងបរិក្ខាពេទ្យមួយចំនួនទៀតថែមទៀតផង ៕