ភ្នំពេញ៖ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម កាលពីរសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២០ បានដឹកនាំគណប្រតិភូកម្ពុជា ជួបប្រជុំពិភាក្សាការងារចំបាច់ចំពោះមុខមួយចំនួន ជាមួយ និងប្រតិភូតំណាង ភាគីវៀតណាម ដឹកនាំដោយលោកអភិបាលរងខេត្តតៃនិញ អមដោយលោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ និងសមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ នៅច្រកទ្វាព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ។
នៅកិច្ចប្រជុំដ៏មានសារសំខាន់នាឱកាសនោះដែរ កម្ពុជា វៀតណាម បានដាក់ចេញនូវវិធានសំខាន់ៗ ចំនួន ៤ចំណុច ដើម្បីជួយសម្រួលដល់ការងារដោះដូរទំនិញគ្រប់ប្រភេទ នៅច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម ដូចតទៅ៖
១៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ។
២៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្តោង។
៣៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតែន័រពីរថយន្តភាគីម្ខាង ទៅដាក់លើរថយន្តភាគីម្ខាងទៀត។
៤៖ អនុញ្ញាតឱ្យរថយន្តដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវិញ ដោយតម្រូវឱ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារ Virus ដែលអនុញ្ញាតដោយចត្តាឡីស័ក និង សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជា ជួយសហការធានាថា អ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវ និងទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង។
យោងតាមស្មារតីនៃអង្គប្រជុំ ភាគីទាំងពីរបានឯកភាពផ្សព្វផ្សាយ នូវដំណោះស្រាយទាំងនេះ ទៅដល់ធុរជនដែល មានការពាក់ព័ន្ធដល់ការដឹកជញ្ជូនទំនិញ ហើយធុរជនអាចជ្រើសយកជម្រើសមួយណាក៏បាន ដែលល្អសម្រាប់ពួក គាត់ដោយអនុវត្តតាមវិធានការពារ ដែលណែនាំដោយចត្តាឡីស័ក។ ដំណោះស្រាយទាំង៤ជម្រើសនេះ នឹងត្រូវ បានយកមកអនុវត្ត ចំពោះគ្រប់មាត់ច្រកដែលមានព្រំប្រទល់ជាប់ខេត្តតៃនិញ របស់ប្រទេសវៀតណាម និងបាន ឯកភាពគ្នាបន្តកិច្ចសហការដោះស្រាយ នូវបញ្ហាប្រឈមចំពោះមុខ ដែលអាចកើតមានជាយថាហេតុ៕