កណ្ដាល៖ កម្លាំងប៉ូលិសប៉ុស្តិ៍ជ្រោយតាកែវ បានបើកប្រតិបត្តិការធ្វើការចុះបង្រ្កាបល្បែងស៊ីសង"លេងបៀរ" មួយកន្លែង តែដោយសារតែអ្នកលេងល្បែងទាំងនោះរត់លឿនពេក ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ចាប់បានតែស្បែកជើង៤គូ និងបៀរ៣៥សន្លឹកតែប៉ុណ្ណោះ ។ ប្រតិបត្តិការ បង្រាបស្បែកជើងខាងលើនេះ ធ្វើឡើងកាលសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះ ប៉ិន អ៊ី មានទីលំនៅភូមិព្រែកកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចប៉ុស្តិ៍ជ្រោយតាកែវថា ប្រតិបត្តិការបង្រ្កាបនេះ ដោយសារមានប្រជាជនបានរាយការណ៍ តាមទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍ថា មានអ្នកលេងល្បែងស៊ីសងលេងបៀរ ដាក់លុយធំៗ ក្នុងផ្ទះខាងលើ ទើបកម្លាំងសមត្ថកិច្ច បានចុះមកដល់កន្លែងលេង តែសមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ដោយសារអ្នកលេងល្បែងស៊ីសងទាំងនោះរត់លឿនពេក ទើបសមត្ថកិច្ចរឹបអូសបានតែ បៀរ៣៥សន្លឹក, ស្បែកជើង ៤គូ ,លុយខ្មែរ ១,២០០រៀល, កម្រាលភួយ១ ,កំប៉ុង១ និងក្រមា១ តែប៉ុណ្ណោះ ៕
