វ៉ាស៊ីនតោន៖ បេក្ខជនឈរឈ្មោះប្រធានាធិបតីសំខាន់ពីររូបចុងក្រោយបង្អស់ របស់គណបក្សប្រជាធិបតេយ្យ លោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont បានជជែកដេញដោលគ្នាអស់រយៈពេលជាង២ម៉ោងនាទីក្រុងវ៉ាស៊ីនតោន នៅយប់ថ្ងៃអាទិត្យនេះ ដោយមិនអនុញ្ញាតិឲ្យមនុស្សចូលរួមទស្សនានោះទេ។ ការមិនអនុញ្ញាតិឲ្យមនុស្សចូលទស្សនា ខណៈដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិសុខភាពសាធារណៈជាសាកលដោយសារជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ VOA ជាខេមរភាសារ។
បេក្ខជនទាំងពីរនាក់សុទ្ធតែសង្ឃឹមថា នឹងទទួលបានការជ្រើសតាំងពីគណបក្សប្រជាធិបតេយ្យដើម្បីទៅប្រកួតប្រជែងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ មកពីខាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតជាតិនៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ក៍ប៉ុន្តែទោះជាយ៉ាងណាក៍ដោយលោក Biden ហាក់ដូចជានាំមុខគេនៅក្នុងការទទួលបានការជ្រើសតាំងពីគណបក្សប្រជាធិបតេយ្យ នៅមុនការជជែកដេញដោលគ្នាលើកចុងក្រោយនៅក្នុងសន្និបាតគណបក្សនៅខែកក្កដាទៅទៀត។
បើតាមVOA ការជជែកដេញដោលគ្នានេះកាលពីដើមឡើយ គ្រោងនឹងធ្វើឡើងដោយមានមនុស្សចូលទស្សនាដូចកាលពីលើកមុនៗដែរ ប៉ុន្តែក្រោយមកត្រូវបានសម្រេចថារៀបចំឡើងនៅក្នុងបន្ទប់ផ្សាយរបស់បណ្ដាញព័ត៌មាន CNN ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩៕


