តាកែវ៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៣ខ្នង ដែលមានទីតាំងនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងអស់ កាលពីវេលាម៉ោង៦នឹង៣០នាទីព្រឹក ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមូលហេតុកូនស្រីម្ចាស់ផ្ទះបង្កហេតុ សាកថ្មកុងផូឡុងចោលពេញមួយយប់ ។
បើតាមការបញ្ជាក់ពីលោក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បាន ប្រាប់ភ្នាក់ងារ FirstNewsAsia ឲ្យ ដឹង នៅ ព្រឹកថ្ងៃកើតហេតុនេះថា ហេតុការណ៍បណ្តាលឲ្យឆាបឆេះផ្ទះអស់ចំនួន៣ខ្នងនេះ គឺផ្តើមចេញពីការសាកថ្មទូរស័ព្ទចោលពេញមួយយប់ បណ្តាលឲ្យឆេះពូកចេញពីកន្លែងដេក ហើយបន្ត ឆេះរាលដាលទៅផ្ទះក្បែរហ្នឹង២ខ្នងទៀត ខ្ទេចអស់គ្មានសល់ នៅព្រឹកព្រលឹមវេលាម៉ោង៦កន្លះព្រឹកនេះ តែម្តង ។
លោកអធិការនគរបាលក្រុងដូនកែវ បន្ថែមទៀតថា ម្ចាស់ឈ្មោះដែលរងគ្រោះខាងលើ ផ្ទះទី១ ប្ដីឈ្មោះ ឆូវ វាត ប្រពន្ធឈ្មោះ កែន សឿន ផ្ទះឈើ ៦គុណ៥ ប្រក់ស័ង្ហី ផ្ទះទី២ ឈ្មោះ ទូច សុង ផ្ទះឈើ ៥គុណ៦ ប្រក់ស័ង្ហី និងផ្ទះទី៣ ឈ្មោះ ឈិត ឧត្តម ប្រពន្ធឈ្មោះ ទូច សាមឌី ផ្ទះឈើប្រក់ស័ង្ហី ហើយចំពោះសម្ភារៈខូចខាត មានម៉ូតូ កង់ នឹងសម្ភារៈជារបស់របរក្នុងផ្ទះ គឺឆេះអស់ទាំងស្រុង ព្រមទាំង ទ្រព្យសម្បត្តិមួយចំនួនផងដែរ ។ លោកអធិការនគរបាលក្រុង ក៏បានបញ្ជាក់ទៀតថា ករណីនេះ ពុំបង្ការឲ្យមានអ្នកណាម្នាក់ រងរបួសនោះឡើយ៕



