(ភ្នំពេញ)៖ រថយន្ដស៊េរីទំនើបម៉ាក ROLLS ROYCE ដែលមានតម្លៃរាប់លានដុល្លារបស់លោកឧកញ៉ា ឌួង ឆាយ ត្រូវរងការខូចខាតយ៉ាងដំណំ ដោយសារតែរថយន្តម៉ាកកាមេរីហាយប្រីត«Camary Hybride»មួយគ្រឿងបើកបុកកាលពីយប់មិញ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវព្រះមុនីវង្ស ចំណុចស្ដុបសេរីភាព ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្ដមួយគ្រឿង ម៉ាក TOYOTA CAMRY HYBRID ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-1549 បើកពីលិចទៅកើតតាមបណ្ដោយផ្លូវកម្ពុជាក្រោម លុះដល់ចំណុចភ្លើងស្តុបសេរីភាព ភ្លើងលោតពណ៍ក្រហម មិនព្រមឈប់ក៏ទៅបុកនិងរថយន្តម៉ាករ៉ូលរ៉យ« ROLLS ROYCE» របស់លោកឧកញ៉ា ដួង ឆាយ បណ្ដាលឲ្យខូចខាតមួយចំហៀងយ៉ាងដំណំ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការវាស់វែង និងនាំយករថយន្ដទាំងពីរ ទៅការិយាល័យចរាចរណ៍ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕






