ព្រះសីហនុ ៖ នាវាដឹកក្រុមអ្នកទេសចរណ៍ចម្រុះជាតិសាសន៍ MS Westerdam ជាង ២០០០នាក់ បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ បន្ទាប់ពីការអនុញ្ញាត ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
បន្ទាប់ពីប្រទេសមួយចំនួនបដិសេធការចូលចត ដោយសារ​មូលហេតុ​ខ្លាច​មាន​អ្នកដំណើរ​មាន​ផ្ទុក​មេរោគ​កូ​រ៉ូ​ណា ទោះបី​ខាង​នាវា​អះអាង​ថា គ្មាន​អ្នក​ឈឺ​ក៏ដោយ​។ នាវា​ដែលមាន​ផ្ទុក​មនុស្ស​ប្រមាណ​១៤៥០​នាក់ និង​ក្រុម​នាវិក​៨០០​នាក់​នេះ​នឹង​មកដល់​កំពង់ផែ​ព្រះសីហនុ នៅ​ម៉ោង ០៧០០​នាទី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​ទី​១៣ ខែ​កុម្ភៈ​។

ភ្ញៀវ​ទេសចរណ៍​ក្នុង​នាវា​នេះ នឹង​អាច​ផ្ទេរ​ការធ្វើដំណើរ​តាម​យន្តហោះ​នៅ​កម្ពុជា​។ ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ទាំងអស់ ​ដែល​ក្នុង​នោះ​ មាន​ជនជាតិ​អាមេរិក​៦៥០​នាក់​ផងដែរ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​កម្ពុជា​ ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ពួកគេ​ក្នុង​ការចូល​ចត​នៅ​កម្ពុជា ខណៈ​ដែល​ពួកគេ​កំពុង​ខ្វះ​ស្បៀងអាហារ និង​ត្រូវ​ចាក់​ប្រេង​ផង​ដែរ​នោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។


សម្ដេចតេជោ បានបន្តថា បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ», នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕