ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ឯក ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងចូលរួមដឹកនាំសម្របសម្រួលពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា មានការបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃមកកម្ពុជា ដោយរឹបអូសបានថ្នាំញៀនជាង១៥គីឡូក្រាម ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួនទៀត។

ការបង្ក្រាបធ្វើឡើងនាយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតតាមផ្លូវលេខ១១៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ភី សុផល អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ និងបានដកហូតគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៥,៣៥៨.៦៥ក្រាម (ជាង១៥គីឡូក្រាម) ជញ្ជីថ្លឹង២គ្រឿង និងម៉ូតូ ១គ្រឿង៕