ភ្នំពេញ៖អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាលោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសបដិសេធព័ត៌មានក្លែងក្លាយដែលបង្ហោះនៅលើបណ្ដាញសង្គម Facebook មួយដែលបានបង្ហោះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី (Covid-19) ។ ថ្លែងប្រាប់បណ្ដាញពត៌មាន Fresh News ដែលស្និទ្ធនិងរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងសុខាភិបាលខាងលើបានអំពាវនាវឱ្យសមត្ថកិច្ចស្រាវជ្រាវស្វែងរកមុខអ្នកបង្ហោះពត៌មានក្លែងក្លាយនេះ និងចាត់វិធានការតាមច្បាប់ចំពោះការបំភ្លៃការពិតនេះ។
គួបញ្ជាក់ថា ការបង្ហោះព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសដោយក្រសួងសុខាភិបាលម៉ាឡេស៊ីថា ខ្លួនបានរកឃើញនូវករណីជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី នៅលើស្រ្តីជនជាតិអាមេរិកាំងម្នាក់ អាយុ៨៣ឆ្នាំ ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ Westerdam ចូលមកប្រទេសកម្ពុជា ហើយបានហោះហើរចូលទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង និងម្ចាស់ក្រុមហ៊ុននាវា Westerdam បានទាមទារឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ពិនិត្យជាថ្មីម្តងទៀតចំពោះស្រ្តីជនជាតិអាមេរិកាំង ដែលខ្លួនបានអះអាងថា ស្រ្តីនោះពុំមានរោគសញ្ញាអ្វីទាំងអស់នៅពេលចាកចេញពីកម្ពុជា ព្រោះក្រុមគ្រូពេទ្យបានត្រួតពិនិត្យយ៉ាងច្បាស់លាស់លើករណីនេះ៕


