ភ្នំពេញ៖ គណៈកម្មាធិការសហភាពអឺរ៉ុប កាលថ្ងៃពុធម្សិលមិញនេះ បានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា (EBA) មួយផ្នែកទៅលើមុខទំនិញមួយចំនួន ដែលនឹងប៉ះពាល់ទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក ក្នុងចំណោមទឹកប្រកា់ប្រមាណជិត៦ពាន់លានដុល្លានៃការនាំចេញសរុបរបស់កម្ពុជាទៅសហភាពអឺរ៉ុប។ ការសម្រេចព្យួរបណ្តោះអាសន្នកើតឡើង បន្ទាប់ពីកម្ពុជាត្រូវបានចោទប្រកាន់ថាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា។
បើតាមសេចក្តីសម្រេច ការព្យួរនេះនឹងប៉ះពាល់ផលិតផលស្បែកជើង និងសម្លៀកបំពាក់ និងស្ករសរបស់លោកឧកញ៉ា លី យ៉ុងផាត់ ក៏ត្រូវបានសម្រេចព្យួរទាំងស្រុងផងដែរ។ សេចក្តីសម្រេចបញ្ជាក់ទៀតថា ការព្យួរបណ្តោះអាសន្ននេះនឹងប៉ះពាល់ដល់ការនាំចេញក្នុងទំហំទឹកប្រាក់ប្រមាណ ១១០០លានដុល្លារជារៀងរាល់ឆ្នាំ ដែលស្មើប្រមាណ ២០ភាគរយនៃទំហំទឹកប្រាក់នៃការនាំចេញសរុបពីកម្ពុជា ដែលមានតម្លៃប្រមាណ ៥៨០០លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់សហភាពអឺរ៉ុប ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបក្នុងឆ្នាំ២០១៨ កន្លងមកមានទំហំទឹកប្រាក់ប្រមាណ ជិត៦ពាន់លានដុល្លារ ដែលក្នុងនោះផលិត ផលសម្លៀកបំពាក់ មានជាង ៧៣,៤ភាគរយនៃការនាំចេញ ស្បែកជើងប្រមាណ១២,៧ភាគរយ កង់ ៥,៧ភាគរយ និងអង្ករ ៣ភាគរយ។
ការសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដែលប្រទេសកម្ពុជាបានទទួលចាប់តាំងពីឆ្នាំ២០០១ មកនោះ គឺបន្ទាប់ពីសហភាពអឺរ៉ុបបានមើលឃើញថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានរិះគន់យ៉ាងខ្លាំង ដោយសហគមន៍អន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។ សហភាពអឺរ៉ុបបានរកឃើញថា រដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិនយោបាយ «ជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» ក្នុងនោះមានការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ឃុំឃាំងការរំលាយអតីតគណបក្សប្រឆាំងដ៏ធំនេះនិងការហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន ១១៨នាក់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
សេចក្តីសម្រេចបញ្ជាក់ទៀតថា គណៈកម្មការសហភាពអឺរ៉ុបនឹងបន្តតាមដានស្ថានភាពសិទ្ធិស៊ីវិល សិទ្ធិនយោបាយ ការងារ ដីធ្លី និងផ្ទះសម្បែងផងដែរនៅកម្ពុជា។គណៈកម្មការអាចនឹងធ្វើវិសោធនកម្មសេចក្តីសម្រេចព្យួរនេះ ប្រសិនបើស្ថានភាពទាំងនេះមានភាពល្អប្រសើរនៅកម្ពុជា។សេចក្តីសម្រេចបញ្ជាក់ថា ប្រសិនបើគ្មានការជំទាស់ពីសភាអឺរ៉ុប និងក្រុមប្រឹក្សានៅពេលខាងមុខ ការព្យួរនេះនឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០៕





