ភ្នំពេញ៖ ពាក់ព័ន្ធទៅនិងគណៈកម្មាធិការអឺរ៉ុបសម្រេចព្យួប្រព័ន្ធអនុគ្រោះពន្ធមួយចំនួនចំពោះប្រទេសកម្ពុជា លោក ច័ន្ទ សុផល អ្នកសេដ្ឋកិច្ចលេចភ្លោម្នាក់នៅកម្ពុជាបានលើកឡើងតាមបណ្ដាញសង្គម Facebook ថា ពេលនេះកម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុប ចំនួន ២០% នៃ ទំនិញនាំចេញសរុបទៅសហគមន៍នោះ ដោយ ៨០% ទៀតនៅរួចពន្ធដដែល។

លោក ច័ន្ទ សុផល បានសសេរបន្តថា តាមការវាយតម្លៃជាបឋមរបស់លោក ពន្ធលើទំនិញ ២០%នេះ មានកម្រិតប្រហែល ១០០លានដុល្លារ ក្នុង១ឆ្នាំ។ បរិមាណនេះ មិនច្រើនពេកទេ បើគិតក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ វាត្រូវជា ១,១% នៃការនាំចេញសម្លៀកបំពាក់និងស្បែកជើងសរុប។ វាត្រូវជា ១,២% នៃចំណាយថវិកាជាតិ និងត្រូវជា ០,៣៥% នៃ ផលិតផលសរុបក្នុងស្រុក (GDP)។ វាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ។
អ្នកសេដ្ឋកិច្ចលេចធ្លោនៅកម្ពុជា លោក ច័ន្ទ សុផល យល់ថា វាជាឱកាសល្អសម្រាប់កម្ពុជា ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងកម្មករ ដែលត្រូវរៀនរស់ដោយគ្មានភាពអនុគ្រោះពីគេ ជាបណ្តើរៗ ព្រោះថា ៥ឆ្នាំទៀត គេនឹងតម្រូវឱ្យបង់ពន្ធ ១០០% ហើយ ខណៈដែលកម្ពុជាជាក់ច្បាស់ថាបានរីកចម្រើនឡើងផុតពីចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួច (Least Developed Countries - LDCs)។ ភាពអនុគ្រោះពន្ធនេះ គេឱ្យសម្រាប់តែប្រទេស LDCs ដែលបច្ចុប្បន្ននេះ មានចំនួន៤៨ ក្នុងចំណោមជាង ២០០ប្រទេស ក្នុងពិភពលោកទាំងមូល។ ម្នាក់ៗតែងតែចង់ឱ្យប្រទេសខ្លួនឡើងជាប្រទេសមានចំណូលមធ្យម និងចំណូលខ្ពស់។ ដូចនេះ យើងត្រូវតែខំប្រឹងប្រែងទាំងអស់គ្នាឡើង។

ចំណែកលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានយល់ឃើញថា សេចក្តីសម្រេចនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ហើយអាចបាត់បង់ការទាក់ទាញអ្នកវិនិយោគអន្តរជាតិ និងអាចកាត់បន្ថយសក្តានុពលនៃកំណើនសេដ្ឋកិច្ចជាតិមួយកម្រិត និងអាចប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ដែលធ្វើការក្នុងសហគ្រាស ឬរោងចក្រ ដែលផលិតទំនិញនាំចេញទៅអឺរ៉ុប។
លោក ព្រាប កុល បន្តថា គួរឱ្យស្តាយ ដែលអ្នកនយោបាយឈ្លោះគ្នា បែជាធ្វើឱ្យពលរដ្ឋចេញលុយខាតទៅវិញ ។ មេរោគកូរ៉ូណាបណ្តាលឱ្យភ្ញៀវទេសចរណ៍ធ្លាក់ចុះខ្លាំង រីឯ EBA ធ្វើប៉ះពាល់ដល់សក្តានុពលនៃកំណើនសេដ្ឋកិច្ចជាតិ។ ឱបងប្អូនពលរដ្ឋខ្មែរខ្ញុំអើយ អ្នកនឹងលំបាកហើយ។
សូមទោសដែលខ្ញុំមិនអាចជួយរំដោះគ្រោះនេះបាន។ ខ្ញុំបានព្យាយាមអស់លទ្ធភាពហើយ ប៉ុន្តែខ្ញុំមិនមែនជាអ្នកមានសិទ្ធិសម្រេច ហើយអ្នកនយោបាយខ្មែរ មិនព្រមធ្វើតាមសំណើរខ្ញុំឡើយ។ ដូច្នេះ ខ្ញុំមានតែពាក្យថា សុំទោស៕