ព្រះសីហនុ៖ នៅវេលាម៉ោង ១០ និង០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីជនជាតិចិនម្នាក់ដេកស្លាប់នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាសុី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនជាតិចិនដែលស្លាប់នេះមានឈ្មោះ (Niu Shuangsuo)
ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណេីតខេត្តកានស៊ូ សាធារណរដ្ឋប្រជាមានិតចិន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបញ្ជាក់ ថាបុរសជនជាតិចិនខាងលើស្លាប់ដោយសារគាំងបេះដូង ដោយមិនមានតំរុយនៃបទល្មើសព្រហ្មទណ្ឌនោះទេ។
ជុំវិញករណីនេះដែរ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកបដិសេធចោលទាំងស្រុង នូវព័ត៌មានបំពុលមួយចំនួនដែលបង្ហោះ និងលើកឡើងថា មានបុរសជនជាតិចិនម្នាក់ ដេកស្លាប់នៅខេត្តព្រះសីហនុ គឺករណីជំងឺ COVID-19៕



