ខេត្តតាកែវ៖ វង់ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវបានក្រុមប្រជាពលរដ្ឋរាយការណ៍ថា មានសម្លេងកងរំពងពេញព្រៃ ស្ថិតនៅភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ព្រោះមានសមត្ថកិច្ចកាងនៅពីក្រោយទៀតផង ហើយក៏មានអ្នកចាំស្ទាក់វាយក្រុមអ្នកព័ត៌មាន ចុះទៅផ្ដិតយករូបភាពផ្ទាល់ៗផងដែរ។
បន្ទាប់ពីទទួលបានដំណឹងនេះហើយ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានបញ្ជាដល់កំលាំងសមត្ថកិច្ច ជាពិសេសលោកអធិការស្រុក ឲ្យចុះទៅពិនិត្យមើលនិងបង្រ្កាបវង់ល្បែងនេះ ជាបន្ទាន់ ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាគោលនយោថ្នាក់ តម្រូវគ្រប់អាជ្ញាធរមូលដ្ឋានអនុវត្តឲ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវចូលរួមលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យអស់ពីមូលដ្ឋាន។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កំលាំងសមត្ថកិច្ចបានចុះធ្វើការបង្រ្កាបមែន តែ បង្រ្កាបបានទីតាំង និងសង្វៀនជល់មាន់ ដើម្បីយកមកដុតបំផ្លាញចោល ថតបង្ហោះ និងរាយការណ៍ជូនថ្នាក់ដឹកនាំ យកស្នាដៃប៉ុណ្ណោះ។ ព្រោះការចុះបង្រ្កាបខាងលើនេះ មិនត្រូវបានក្រុមប្រជាពលរដ្ឋ សាទរនោះទេ ដោយសារពេលពលរដ្ឋរាយការណ៍ ថាមានគេលេងច្រើន មិនចុះទៅទេ ដល់ពេលគ្មានគេលេងផង បែរជានាំគ្នីគ្នាចុះទៅបង្រ្កាបទីតាំងទៅវិញ។
ពលរដ្ឋបានបន្តថា ទីតាំងខាងលើនេះគឺនៅមិនឆ្ងាយពីប៉ុស្ដិ៍រដ្ឋបាលឃុំខ្វាវ គឺចំងាយតែ ១០០ ម៉ែត្រប៉ុណ្ណោះ ហើយនៅពេលមានគេលេងល្បែងជល់មាន់ និងបៀរ អាប៉ោង ម្ដងៗ គឺប៉ុស្ដិ៍រដ្ឋបាលគ្មានមនុស្សទេ គឺចាក់សោរបិទទ្វារតែម្ដង ប្រហែលជាអាចមានលាភសក្ដារៈពីវង់ល្បែងនេះហើយ ព្រោះពេលពលរដ្ឋទៅប្ដឹងគឺគ្មានមនុស្សតែម្ដង ៕