ភ្នំពេញ៖ ដើម្បីពង្រីកទីក្រុងភ្នំពេញឲ្យកាន់តែធំថែមទៀត ទឹកដីមួយផ្នែករបស់ខេត្តកណ្ដាលគឺតំបន់អារីយក្សត្រនិងល្វាឯមដែលនៅផ្នែកខាងកើតរាជធានីភ្នំពេញនិងត្រូវកាត់បញ្ចូលនៅក្នុងខ័ណ្ឌមួយរបស់រាជធានីភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះ។
បើយោងតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ នៅហៅវត្តចំពុះក្អែក ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោបានប្រកាសថា តំបនអរិយក្សត្រ និងល្វាឯម នៃខេត្តកណ្តាល នឹងត្រូវកាត់បញ្ចូលជាខណ្ឌមួយរបស់រាជធានីភ្នំពេញ នៅពេលខាងមុខឆាប់ៗនេះ ហើយការកាត់បញ្ចូលនេះដោយសារតែរាជធានីភ្នំពេញ ត្រូវការពង្រីកខ្លួនកាន់តែធំថែមទៀតជាពិសេសដោយសារតែរាជធានីភ្នំពេញកាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ដំណើរការកាត់ដីមួយផ្នែករបស់ខេត្តកណ្ដាលនេះនិងចាប់ផ្ដើមនៅពេលដែលស្ពានចំនួន២បានសាងសង់រួចរាល់ ដែលស្ពានមួយបានសុំសាធារណរដ្ឋកូរ៉េ ដែលតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅអរិយក្សត្រ និងមួយទៀតពីផ្លូវជាតិលេខ១ ត្រង់ចំណុចវត្តដីតាកុយ ទៅតំបន់ល្វាឯម ហើយការកាត់ដីចូលមកការគ្រប់គ្រងរបស់រាជធានីភ្នំពេញវានឹងធ្វើតម្លៃដីធ្លីនៅតំបន់នេះកើនឡើងជាក់ជាពុំខាន៕


