ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធនេះអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការព្រមានដល់ប្រធានផ្សារនានានៅក្នុងរាជធានីភ្នំពេញទាំងអស់ឲ្យយកចឹត្តទុកដាក់ពិនឹត្យមើលបញ្ហាល្បែងស៊ីសងនៅក្នុងផ្សារដែលខ្លួនគ្រប់គ្រងកុំឲ្យមានឲ្យសោះ ហើយប្រសិនបើមានផ្សារណាមួយបណ្ដែតបណ្ដោយឲ្យមានការលេងល្បែងស៊ីសងជាពិសេសការកត់កន្ទុយលេខជាដើម ប្រធានផ្សារនោះនឹងប្រឈមមុខនឹងការដកតំណែងចោលតែម្តង។
លោក ឃួង ស្រេង ក៏បានធ្វើការណែនាំ និងជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ប៉ុស្តិ៍ ត្រូវចាត់វិធានការណ៍ទប់ស្កាត់ឲ្យបាននូវបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនកុំឲ្យកើតមានឡើង ព្រោះបញ្ហាល្បែងស៊ីសងនេះហើយដែលនាំឲ្យកើតមានឡើងអំពើលួចប្លន់នៅតាមទីសាធារណៈ នៅក្នុងរាជធានីភ្នំពេញកន្លងមក។
លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៏បន្ថែមថា កន្លងមកមានការលេខលឺថា ល្បែងកន្ទុយលេខច្រើនតែកើតមានឡើងនៅតាមទីផ្សារ ដូច្នោះប្រធានផ្សារទាំងអស់ត្រូវពិនឹត្យមើលឡើងវិញពីបញ្ហានេះ ព្រោះប្រយ័ត្នអស់តំណែងដោយសារតែល្បែងកន្ទុយលេខនេះ ហើយបើទោះជាថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យក៏ដោយ ក៏លោកស៊ីញេដកតំណែងពីប្រធានផ្សារបានដែរ៕