បន្ទាយមានជ័យ៖ លោក សុខ ភាព អតីតមេបញ្ជាការកងពលមួយ របស់អតីតខ្មែរក្រហមដែលឈរជើងនៅតំបន់ស្រុកសំឡូតខេត្តបាត់ដំបង ហើយដែលជាអ្នកផ្ដាច់ខ្លួន ពីក្រុមខ្មែរក្រហមជាមួយលោក អ៊ី ឈាន នៅតំបន់ប៉ៃលិន នឹងត្រូវរាជរដ្ឋាភិបាលតម្លើងតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ បន្ទាប់ពីលោកបានកាន់តំណែងជា អនុរដ្ឋលេខាធិការក្រសួងការពារជាតិអស់រយៈពេល៣អាណត្តិមកហើយ។
ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លោក សុខ ភាព និងលោក អ៊ី ឈាន បានដើរតួនាទីសំខាន់ណាស់ក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា តាមរយៈការងើបបះបោលប្រឆាំងនឹងប៉ុល ពត នៅតំបន់ម៉ាឡៃ និងប៉ៃលិន ដូច្នោះរាជរដ្ឋាភិបាលនិងតម្លើងតំណែង លោក សុខ ភាព ពីអនុរដ្ឋលេខាធិការ ទៅជា រដ្ឋលេខាធិការក្រសួងការពារជាតិ នាពេលខាងមុខឆាប់ៗនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ខ្មែរជាច្រើនភាគីដែលបែកបាក់ពីអតីតកាលក៏ប៉ុន្តែបច្ចុប្បន្ននេះបាននិងកំពុងធ្វើការជាមួយគ្នា ដូច្នោះសសម្ដេចនឹងមិនលើកលែងដល់ជនដែលធ្វើសកម្មភាពបំបែកបំបាក់ជាតិនោះឡើយ ហើយក៏មិនផ្តល់ឱកាសឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ៕